អេសេគាល 19:7-13 KHOV

7 វា​ស្គាល់​អស់​ទាំង​ដំណាក់​របស់​គេ ហើយ​បាន​បំផ្លាញ​ទី​ក្រុង​គេ ស្រុក​នោះ និង​របស់​សព្វ​សារពើ​នៅ​ក្រុង​នោះ ក៏​ខូច​បង់ ដោយ​សូរ​គ្រហឹម​របស់​វា

8 គ្រា​នោះ​អស់​ទាំង​សាសន៍​ក៏​លើក​គ្នា​ទាស់​នឹង​វា ពី​ស្រុក​ជុំវិញ​គ្រប់​ទិស គេ​ត្រដាង​មង​ពី​លើ​វា ហើយ​វា​ជាប់​ក្នុង​រណ្តៅ​របស់​គេ​ទៅ

9 គេ​ខ្លុះ​ច្រមុះ​វា​ដាក់​ក្នុង​ទ្រុង ដឹក‌នាំ​ទៅ​ថ្វាយ​ស្តេច​បាប៊ីឡូន គេ​នាំ​វា​ចូល​ទៅ​ក្នុង​ទី​មាំ‌មួន ដើម្បី​មិន​ឲ្យ​ឮ​សូរ​សំឡេង​វា​នៅ​លើ​ភ្នំ​ស្រុក​អ៊ីស្រា‌អែល​ទៀត​ឡើយ។

10 ម្តាយ​ឯង​បាន​ដូច​ជា​ដើម​ទំពាំង‌បាយ‌ជូរ ក្នុង​ចំការ​របស់​ឯង ដែល​ដាំ​នៅ​ក្បែរ​មាត់​ផ្លូវ​ទឹក ក៏​កើត​មាន​ផល ហើយ​មាន​ខ្នែង​ជា​ច្រើន ដោយ​នៅ​ជិត​ទឹក​បរិបូរ

11 ដើម​នោះ​មាន​មែក​មាំ សំរាប់​ជា​ដំបង​រាជ្យ​នៃ​ពួក​អ្នក​ដែល​គ្រប់‌គ្រង ក៏​លូត​ឡើង​ខ្ពស់​ជាង​មែក​ដ៏​ញឹក‌ស្និត វា​ទាញ​នាំ​ភ្នែក​គេ​ដោយ​កំពស់ និង​មែក​យ៉ាង​សន្ធឹក​របស់​វា

12 តែ​វា​ត្រូវ​ដក​រំលើង ដោយ​សេចក្ដី​ឃោរ‌ឃៅ ហើយ​ត្រូវ​បោះ​ចុះ​ដល់​ដី រួច​ខ្យល់​ពី​ទិស​ខាង​កើត​ក៏​ធ្វើ​ឲ្យ​ផល​វា​ស្វិត​ក្រៀម​ទៅ មែក​ដ៏​មាំ​របស់​វា​ត្រូវ​បាក់ ហើយ​ក្រៀម​ស្ងួត​ទៅ ឯ​ភ្លើង​ក៏​ឆេះ​អស់​រលីង

13 ឥឡូវ​នេះ វា​ត្រូវ​ដាំ​នៅ​ទី​រហោ‌ស្ថាន​វិញ គឺ​ក្នុង​ទី​ហួត‌ហែង ហើយ​សោះ​ស្ងួត