អេសេគាល 2:3-9 KHOV

3 ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កូន​មនុស្ស​អើយ អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គឺ​ដល់​សាសន៍​ដែល​រឹង‌ចចេស ដែល​បាន​បះ‌បោរ​នឹង​អញ ទោះ​ទាំង​ខ្លួន​គេ និង​ពួក​អយ្យកោ ក៏​បាន​រំលង​ទាស់​នឹង​អញ ដរាប​ដល់​ថ្ងៃ​នេះ​ឯង

4 គេ​ជា​កូន​ចៅ​មាន​មុខ​រឹង ហើយ​ចិត្ត​ខែង គឺ​ដល់​ពួក​អ្នក​នោះ​ដែល​អញ​ចាត់​ឯង ត្រូវ​ឲ្យ​ឯង​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ

5 ឯ​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី (ដ្បិត​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស) គង់​តែ​គេ​នឹង​ដឹង​ថា មាន​ហោរា​១​បាន​មក​ក្នុង​ពួក​គេ​ហើយ

6 ឯ​ឯង កូន​មនុស្ស​អើយ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ខ្លាច​ចំពោះ​ពាក្យ​សំដី​របស់​គេ​ដែរ ទោះ​បើ​មាន​បន្លា ហើយ​នឹង​អញ្ចាញ​មក​ទាស់​ជា​នឹង​ឯង ហើយ​ឯង​មាន​ទី​អាស្រ័យ​នៅ​កណ្តាល​ពួក​ខ្យា‌ដំរី​ក៏​ដោយ កុំ​ឲ្យ​ខ្លាច​ពាក្យ​សំដី​គេ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​ស្លុត​ចិត្ត​នឹង​ទឹក​មុខ​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ

7 ត្រូវ​ឲ្យ​ឯង​ថ្លែង​ពាក្យ​របស់​អញ​ប្រាប់​ដល់​គេ ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់ ឬ​មិន​ព្រម​ក្តី ដ្បិត​គេ​រឹង‌ចចេស​ណាស់។

8 តែ​ឯ​ឯង កូន​មនុស្ស​អើយ ចូរ​ស្តាប់​សេចក្ដី​ដែល​អញ​ប្រាប់​ដល់​ឯង​ចុះ កុំ​ឲ្យ​ឯង​មាន​ចិត្ត​រឹង‌ចចេស ដូច​ជា​ពូជ‌ពង្ស​រឹង‌រូស​នេះ​ឡើយ ចូរ​ហា​មាត់​ស៊ី​របស់​ដែល​អញ​ឲ្យ​ដល់​ឯង

9 រួច​កាល​ខ្ញុំ​កំពុង​តែ​មើល នោះ​ឃើញ​មាន​ដៃ​១ លូក​មក​ដល់​ខ្ញុំ ក៏​ឃើញ​ក្រាំង​១នៅ​ក្នុង​ដៃ​នោះ