1 នៅថ្ងៃ១០ ខែស្រាពណ៍ ក្នុងឆ្នាំទី៧ នោះពួកចាស់ទុំខ្លះនៃសាសន៍អ៊ីស្រាអែលបានមក ដើម្បីទូលសួរដល់ព្រះយេហូវ៉ា ហើយគេអង្គុយនៅមុខខ្ញុំ
2 នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
3 កូនមនុស្សអើយ ចូរនិយាយប្រាប់ ដល់ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងរាល់គ្នាបានមកសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
4 កូនមនុស្សអើយ ឯងចង់ជំនុំជំរះគេឬ តើចង់ជំនុំជំរះគេឬទេ ចូរឲ្យគេដឹងពីអស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ពួកអយ្យកោគេ
5 ហើយប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃដែលអញបានរើសអ៊ីស្រាអែល ហើយស្បថដល់ពូជពង្សយ៉ាកុប ព្រមទាំងសំដែងឲ្យគេស្គាល់អញនៅស្រុកអេស៊ីព្ទ គឺកាលដែលអញបានស្បថដល់គេថា អញនេះជាយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
6 នៅថ្ងៃនោះឯង អញបានស្បថដល់គេថា នឹងនាំគេចេញពីស្រុកអេស៊ីព្ទ ទៅក្នុងស្រុក១ដែលអញបានស្វែងរកឲ្យគេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ជាទីរុងរឿងជាងស្រុកទាំងអស់