អេសេគាល 20:1-7 KHOV

1 នៅ​ថ្ងៃ​១០ ខែ​ស្រាពណ៍ ក្នុង​ឆ្នាំ​ទី​៧ នោះ​ពួក​ចាស់‌ទុំ​ខ្លះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​មក ដើម្បី​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គេ​អង្គុយ​នៅ​មុខ​ខ្ញុំ

2 នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

3 កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់ ដល់​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​មក​សួរ​ដល់​អញ​ឬ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ នោះ​ប្រាកដ​ជា​អញ​មិន​ឲ្យ​ឯង​រាល់​គ្នា​សួរ​ដល់​អញ​ទេ

4 កូន​មនុស្ស​អើយ ឯង​ចង់​ជំនុំ‌ជំរះ​គេ​ឬ តើ​ចង់​ជំនុំ‌ជំរះ​គេ​ឬ​ទេ ចូរ​ឲ្យ​គេ​ដឹង​ពី​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ពួក​អយ្យកោ​គេ

5 ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នៅ​ថ្ងៃ​ដែល​អញ​បាន​រើស​អ៊ីស្រា‌អែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​អញ​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​អញ​បាន​ស្បថ​ដល់​គេ​ថា អញ​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

6 នៅ​ថ្ងៃ​នោះ​ឯង អញ​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​១​ដែល​អញ​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់

7 អញ​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​ឯង​ចេញ កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ អញ គឺ​យេហូវ៉ា​នេះ ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ