11 អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសំដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាមអ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ
12 អញក៏តាំងថ្ងៃឈប់សំរាករបស់អញឲ្យគេដែរ ទុកសំរាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ
13 ប៉ុន្តែពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងអញ នៅទីរហោស្ថានវិញ គេមិនបានប្រព្រឹត្តតាមច្បាប់អញទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តរបស់អញ ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះឯង ហើយគេក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញយ៉ាងក្រៃលែង នោះអញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញ ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ
14 ប៉ុន្តែអញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញវិញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃអស់ទាំងសាសន៍ដែលអញបាននាំគេចេញ នៅចំពោះមុខនោះឡើយ
15 មួយទៀត អញបានស្បថនឹងគេ នៅទីរហោស្ថានថា អញមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ
16 ពីព្រោះគេបានបោះបង់ចោលក្រឹត្យក្រមរបស់អញ ឥតប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញ ក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ
17 ប៉ុន្តែភ្នែកអញបានប្រណីដល់គេ ហើយអញមិនបានបំផ្លាញគេឡើយ ក៏មិនបានឲ្យគេសូន្យផុតទៅ នៅទីរហោស្ថានដែរ។