អេសេគាល 20:13-19 KHOV

13 ប៉ុន្តែ​ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង‌ចចេស​នឹង​អញ នៅ​ទី​រហោ‌ស្ថាន​វិញ គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​អញ​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​របស់​អញ ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ​ឯង ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​យ៉ាង​ក្រៃលែង នោះ​អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ

14 ប៉ុន្តែ​អញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដែល​អញ​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ

15 មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា អញ​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ

16 ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌ក្រម​របស់​អញ ឥត​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់​របស់​អញ ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ ដ្បិត​ចិត្ត​គេ​ជាប់​តាម​រូប​ព្រះ​របស់​គេ​វិញ

17 ប៉ុន្តែ​ភ្នែក​អញ​បាន​ប្រណី​ដល់​គេ ហើយ​អញ​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ។

18 អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​អយ្យកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ

19 អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​វិញ