15 មួយទៀត អញបានស្បថនឹងគេ នៅទីរហោស្ថានថា អញមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ
16 ពីព្រោះគេបានបោះបង់ចោលក្រឹត្យក្រមរបស់អញ ឥតប្រព្រឹត្តតាមបញ្ញត្តច្បាប់របស់អញ ក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញដែរ ដ្បិតចិត្តគេជាប់តាមរូបព្រះរបស់គេវិញ
17 ប៉ុន្តែភ្នែកអញបានប្រណីដល់គេ ហើយអញមិនបានបំផ្លាញគេឡើយ ក៏មិនបានឲ្យគេសូន្យផុតទៅ នៅទីរហោស្ថានដែរ។
18 អញបានប្រាប់ដល់កូនចៅគេ នៅទីរហោស្ថានថា កុំឲ្យដើរតាមច្បាប់របស់ពួកអយ្យកោឯងរាល់គ្នា ឬកាន់តាមបញ្ញត្តរបស់គេ ឬធ្វើឲ្យខ្លួនសៅហ្មង ដោយរូបព្រះរបស់គេឡើយ
19 អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ចូរប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមអញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមវិញ
20 ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
21 ប៉ុន្តែកូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សំរាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន