អេសេគាល 20:17-23 KHOV

17 ប៉ុន្តែ​ភ្នែក​អញ​បាន​ប្រណី​ដល់​គេ ហើយ​អញ​មិន​បាន​បំផ្លាញ​គេ​ឡើយ ក៏​មិន​បាន​ឲ្យ​គេ​សូន្យ​ផុត​ទៅ នៅ​ទី​រហោ‌ស្ថាន​ដែរ។

18 អញ​បាន​ប្រាប់​ដល់​កូន​ចៅ​គេ នៅ​ទី​រហោ‌ស្ថាន​ថា កុំ​ឲ្យ​ដើរ​តាម​ច្បាប់​របស់​ពួក​អយ្យកោ​ឯង​រាល់​គ្នា ឬ​កាន់​តាម​បញ្ញត្ត​របស់​គេ ឬ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​គេ​ឡើយ

19 អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ចូរ​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​អញ ហើយ​រក្សា​បញ្ញត្ត​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​វិញ

20 ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

21 ប៉ុន្តែ​កូន​ចៅ​ទាំង​នោះ​ក៏​រឹង‌ចចេស​នឹង​អញ​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​អញ​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ​ឯង គេ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ទៅ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន

22 ប៉ុន្តែ​អញ​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​អញ​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ

23 មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់