19 អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា ចូរប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមអញ ហើយរក្សាបញ្ញត្តច្បាប់របស់អញ ព្រមទាំងប្រព្រឹត្តតាមវិញ
20 ចូរញែកថ្ងៃឈប់សំរាករបស់អញចេញជាបរិសុទ្ធ នោះនឹងបានជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា ដើម្បីឲ្យឯងបានដឹងថា អញនេះ គឺយេហូវ៉ា ជាព្រះនៃឯងរាល់គ្នា
21 ប៉ុន្តែកូនចៅទាំងនោះក៏រឹងចចេសនឹងអញដែរ គេមិនបានប្រព្រឹត្តតាមអស់ទាំងច្បាប់របស់អញឡើយ ក៏មិនបានរក្សាបញ្ញត្តទាំងប៉ុន្មានរបស់អញ ដើម្បីនឹងប្រព្រឹត្តតាមផង ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម អ្នកនោះនឹងបានរស់នៅ ដោយសារច្បាប់នោះឯង គេបានបង្អាប់ថ្ងៃឈប់សំរាករបស់អញទៅ ដូច្នេះ អញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញទៅលើគេ ដើម្បីនឹងសំរេចសេចក្ដីកំហឹងរបស់អញនៅលើគេ នៅក្នុងទីរហោស្ថាន
22 ប៉ុន្តែអញបានដកដៃចេញវិញ ហើយបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃសាសន៍ដទៃ ដែលអញបាននាំគេចេញទៅ នៅចំពោះមុខនោះឡើយ
23 មួយទៀត អញបានស្បថនឹងគេនៅទីរហោស្ថានថា អញនឹងកំចាត់កំចាយគេទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅនៅគ្រប់ស្រុកទាំងអស់
24 ពីព្រោះគេមិនបានប្រព្រឹត្តតាមអស់ទាំងក្រឹត្យក្រមរបស់អញឡើយ គឺបានបោះបង់ចោលបញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ព្រមទាំងបង្អាក់ថ្ងៃឈប់សំរាករបស់អញវិញ ហើយភ្នែកគេក៏ជាប់តាមរូបព្រះរបស់ពួកអយ្យកោគេដែរ
25 អញក៏ឲ្យក្រឹត្យក្រមដល់គេ ដែលមិនស្រួលល្អ ហើយនឹងបញ្ញត្តច្បាប់ ដែលគ្មានអ្នកណាអាចនឹងរស់បានតាមច្បាប់នោះទេ