អេសេគាល 20:21-27 KHOV

21 ប៉ុន្តែ​កូន​ចៅ​ទាំង​នោះ​ក៏​រឹង‌ចចេស​នឹង​អញ​ដែរ គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​របស់​អញ​ឡើយ ក៏​មិន​បាន​រក្សា​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​ផង ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​បាន​រស់​នៅ ដោយ‌សារ​ច្បាប់​នោះ​ឯង គេ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ទៅ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ​នៅ​លើ​គេ នៅ​ក្នុង​ទី​រហោ‌ស្ថាន

22 ប៉ុន្តែ​អញ​បាន​ដក​ដៃ​ចេញ​វិញ ហើយ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​សាសន៍​ដទៃ ដែល​អញ​បាន​នាំ​គេ​ចេញ​ទៅ នៅ​ចំពោះ​មុខ​នោះ​ឡើយ

23 មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ​នៅ​ទី​រហោ‌ស្ថាន​ថា អញ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បែង​ចែក​គេ​ទៅ​នៅ​គ្រប់​ស្រុក​ទាំង​អស់

24 ពី​ព្រោះ​គេ​មិន​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​របស់​អញ​ឡើយ គឺ​បាន​បោះ‌បង់​ចោល​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ព្រម​ទាំង​បង្អាក់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​វិញ ហើយ​ភ្នែក​គេ​ក៏​ជាប់​តាម​រូប​ព្រះ​របស់​ពួក​អយ្យកោ​គេ​ដែរ

25 អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​ដល់​គេ ដែល​មិន​ស្រួល​ល្អ ហើយ​នឹង​បញ្ញត្ត​ច្បាប់ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រស់​បាន​តាម​ច្បាប់​នោះ​ទេ

26 អញ​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​ដង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​អញ​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

27 ហេតុ​នោះ កូន​មនុស្ស​អើយ ចូរ​និយាយ​ប្រាប់​ដល់​ពួក​វង្ស​អ៊ីស្រា‌អែល​ថា ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ពួក​អយ្យកោ​ឯង​រាល់​គ្នា​បាន​ប្រមាថ​ដល់​អញ​ក្នុង​ការ​នេះ​ទៀត គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​រំលង​ទាស់​នឹង​អញ