31 ដ្បិតកាលណាឯងរាល់គ្នាថ្វាយដង្វាយរបស់ខ្លួន កាលណាធ្វើឲ្យកូនខ្លួនឆ្លងកាត់ភ្លើង នោះគឺឯងធ្វើឲ្យខ្លួនស្មោកគ្រោក ដោយសាររូបព្រះទាំងប៉ុន្មានរបស់ឯង ដរាបដល់សព្វថ្ងៃនេះ ដូច្នេះ ឱពួកវង្សអ៊ីស្រាអែលអើយ តើអញនឹងឲ្យឯងរាល់គ្នាសួរដល់អញឬ ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញមិនឲ្យឯងរាល់គ្នាសួរដល់អញទេ
32 ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។
33 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ
34 អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង
35 អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា
36 អញបានមានរឿងតវ៉ានឹងពួកអយ្យកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
37 នោះអញនឹងឲ្យឯងរាល់គ្នាចូលក្រោមដំបង រួចនឹងនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា