32 ហើយសេចក្ដីដែលកើតក្នុងគំនិតឯងរាល់គ្នា នោះមិនបានកើតមកឡើយ គឺជាសេចក្ដីដែលឯងថា យើងនឹងធ្វើដូចជាអស់ទាំងសាសន៍ដទៃ និងដូចជាអស់ទាំងគ្រួសារ នៅស្រុកផ្សេងៗ ដោយគោរពប្រតិបត្តិដល់ទាំងឈើ និងថ្មផង។
33 ព្រះអម្ចាស់យេហូវ៉ាទ្រង់ស្បថថា ដូចជាអញរស់នៅ នោះប្រាកដជាអញនឹងសោយរាជ្យលើឯងរាល់គ្នាដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញ
34 អញនឹងនាំឯងរាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលឯងរាល់គ្នាមកពីស្រុកទាំងប៉ុន្មាន ដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសំរេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង
35 អញនឹងនាំឯងរាល់គ្នាទៅ ឲ្យនៅឯទីសូន្យស្ងាត់នៃអស់ទាំងសាសន៍ នៅទីនោះ អញនឹងមានរឿងតវ៉ានឹងឯងប្រទល់គ្នា
36 អញបានមានរឿងតវ៉ានឹងពួកអយ្យកោឯងរាល់គ្នា នៅក្នុងទីរហោស្ថាននៃស្រុកអេស៊ីព្ទជាយ៉ាងណា អញក៏នឹងមានរឿងតវ៉ានឹងឯងរាល់គ្នាយ៉ាងនោះដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា
37 នោះអញនឹងឲ្យឯងរាល់គ្នាចូលក្រោមដំបង រួចនឹងនាំឲ្យជាប់ចំណងនៃសេចក្ដីសញ្ញា
38 អញនឹងញែកពួករឹងចចេសពីឯងចេញ ព្រមទាំងពួកអ្នក ដែលតែងតែប្រព្រឹត្តរំលង ទាស់នឹងអញផង អញនឹងនាំគេចេញពីស្រុកដែលគេស្នាក់នៅនោះ តែគេមិនបានចូលទៅក្នុងស្រុកអ៊ីស្រាអែលឡើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត