អេសេគាល 20:36-42 KHOV

36 អញ​បាន​មាន​រឿង​តវ៉ា​នឹង​ពួក​អយ្យកោ​ឯង​រាល់​គ្នា នៅ​ក្នុង​ទី​រហោ‌ស្ថាន​នៃ​ស្រុក​អេស៊ីព្ទ​ជា​យ៉ាង​ណា អញ​ក៏​នឹង​មាន​រឿង​តវ៉ា​នឹង​ឯង​រាល់​គ្នា​យ៉ាង​នោះ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

37 នោះ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​ចូល​ក្រោម​ដំបង រួច​នឹង​នាំ​ឲ្យ​ជាប់​ចំណង​នៃ​សេចក្ដី​សញ្ញា

38 អញ​នឹង​ញែក​ពួក​រឹង‌ចចេស​ពី​ឯង​ចេញ ព្រម​ទាំង​ពួក​អ្នក ដែល​តែង‌តែ​ប្រព្រឹត្ត​រំលង ទាស់​នឹង​អញ​ផង អញ​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​ដែល​គេ​ស្នាក់​នៅ​នោះ តែ​គេ​មិន​បាន​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

39 តែ​ចំណែក​ឯង​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​ឯង​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​អញ​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​ឯង​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​ឲ្យ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​អញ ដោយ​ដង្វាយ និង​រូប​ព្រះ​របស់​ឯង​ទៀត​ឡើយ។

40 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ គឺ​ជា​ភ្នំ​យ៉ាង​ខ្ពស់​របស់​ស្រុក​អ៊ីស្រា‌អែល នោះ​ពួក​វង្ស​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​គោរព​ដល់​អញ​គ្រប់​គ្នា​នៅ​ក្នុង​ស្រុក​របស់​ខ្លួន នៅ​ទី​នោះ​អញ​នឹង​ទទួល​គេ ហើយ​នៅ​ទី​នោះ អញ​នឹង​សុខ​ចិត្ត​ទទួល​ដង្វាយ​របស់​ឯង​រាល់​គ្នា និង​ផល​ដំបូង​ពី​ដង្វាយ​ឯង ព្រម​ទាំង​គ្រឿង​បរិសុទ្ធ​របស់​ឯង​រាល់​គ្នា​ទាំង​អស់​ដែរ

41 អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ

42 មួយ​ទៀត​កាល​ណា​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​ហើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត