41 អញនឹងទទួលឯងរាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលអញបាននាំឯងចេញពីពួកសាសន៍ដទៃ ហើយប្រមូលឯងពីអស់ទាំងស្រុកដែលឯងត្រូវខ្ចាត់ខ្ចាយទៅនោះ អញនឹងបានបរិសុទ្ធក្នុងពួកឯងរាល់គ្នា នៅចំពោះភ្នែកនៃអស់ទាំងសាសន៍ដទៃ
42 មួយទៀតកាលណាអញបាននាំឯងរាល់គ្នាចូលទៅក្នុងស្រុកអ៊ីស្រាអែល គឺក្នុងស្រុកដែលអញបានស្បថថា នឹងឲ្យដល់ពួកអយ្យកោឯងហើយ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
43 នៅក្នុងស្រុកនោះ ឯងរាល់គ្នានឹងនឹកចាំពីអស់ទាំងអំពើ និងកិរិយាទាំងប៉ុន្មានរបស់ខ្លួន ជាការដែលនាំឲ្យឯងស្មោកគ្រោក នោះឯងរាល់គ្នានឹងខ្ពើមខ្លួន ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានដែលឯងបានធ្វើនោះ
44 នោះឱពួកវង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញបានប្រព្រឹត្តនឹងឯង ដោយយល់ដល់ឈ្មោះអញ មិនមែនតាមអំពើអាក្រក់របស់ឯងរាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់ឯងនោះទេ នេះឯងជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
45 នោះព្រះបន្ទូល នៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
46 កូនមនុស្សអើយ ចូរដំរង់មុខទៅខាងត្បូង ហើយពោលទៅខាងត្បូងនោះ ត្រូវឲ្យទាយទាស់នឹងព្រៃនៅវាលស្រុកត្បូងចុះ
47 ហើយប្រាប់ដល់ព្រៃស្រុកត្បូងថា ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្កាត់ភ្លើងនៅក្នុងឯង ភ្លើងនោះនឹងឆេះអស់ទាំងឈើស្រស់ និងដើមឈើសោះកក្រោះនៅក្នុងឯង ភ្លើងដ៏ឆេះនោះនឹងមិនរលត់ឡើយ ហើយមុខមនុស្សទាំងប៉ុន្មាន ចាប់តាំងពីខាងត្បូងរហូតដល់ខាងជើងនឹងត្រូវរោលទាំងអស់