អេសេគាល 20:42-48 KHOV

42 មួយ​ទៀត​កាល​ណា​អញ​បាន​នាំ​ឯង​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល គឺ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង​ហើយ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

43 នៅ​ក្នុង​ស្រុក​នោះ ឯង​រាល់​គ្នា​នឹង​នឹក​ចាំ​ពី​អស់​ទាំង​អំពើ និង​កិរិយា​ទាំង​ប៉ុន្មាន​របស់​ខ្លួន ជា​ការ​ដែល​នាំ​ឲ្យ​ឯង​ស្មោក‌គ្រោក នោះ​ឯង​រាល់​គ្នា​នឹង​ខ្ពើម​ខ្លួន ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ធ្វើ​នោះ

44 នោះ​ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​បាន​ប្រព្រឹត្ត​នឹង​ឯង ដោយ​យល់​ដល់​ឈ្មោះ​អញ មិន​មែន​តាម​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា ឬ​តាម​កិរិយា​ស្មោក‌គ្រោក​របស់​ឯង​នោះ​ទេ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

45 នោះ​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

46 កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ទៅ​ខាង​ត្បូង ហើយ​ពោល​ទៅ​ខាង​ត្បូង​នោះ ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ព្រៃ​នៅ​វាល​ស្រុក​ត្បូង​ចុះ

47 ហើយ​ប្រាប់​ដល់​ព្រៃ​ស្រុក​ត្បូង​ថា ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ឯង ភ្លើង​នោះ​នឹង​ឆេះ​អស់​ទាំង​ឈើ​ស្រស់ និង​ដើម​ឈើ​សោះ‌កក្រោះ​នៅ​ក្នុង​ឯង ភ្លើង​ដ៏​ឆេះ​នោះ​នឹង​មិន​រលត់​ឡើយ ហើយ​មុខ​មនុស្ស​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង​នឹង​ត្រូវ​រោល​ទាំង​អស់

48 ដូច្នេះ គ្រប់​ទាំង​មនុស្ស​នឹង​ឃើញ​ថា គឺ​អញ ព្រះ‌យេហូវ៉ា​នេះ ដែល​បាន​បង្កាត់​ភ្លើង​នោះ ភ្លើង​នោះ​នឹង​មិន​រលត់​ឡើយ