អេសេគាល 20:6-12 KHOV

6 នៅ​ថ្ងៃ​នោះ​ឯង អញ​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​១​ដែល​អញ​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់

7 អញ​ក៏​ប្រាប់​គេ​ថា ចូរ​ឲ្យ​គ្រប់​គ្នា​បោះ​ចោល​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ដែល​គាប់​ភ្នែក​ឯង​ចេញ កុំ​ធ្វើ​ឲ្យ​ខ្លួន​សៅ‌ហ្មង ដោយ​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទ​ឡើយ អញ គឺ​យេហូវ៉ា​នេះ ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ

8 តែ​គេ​បាន​រឹង‌ចចេស​នឹង​អញ ឥត​ព្រម​ស្តាប់​តាម​អញ​ឡើយ ក៏​មិន​បាន​លះ​ចោល​របស់​គួរ​ស្អប់​ខ្ពើម ដែល​នៅ​គាប់​ដល់​ភ្នែក​គេ​រៀង​ខ្លួន​សោះ ឬ​បោះ‌បង់​ចោល​រូប​ព្រះ​របស់​សាសន៍​អេស៊ីព្ទ​ដែរ ដូច្នេះ អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ​ទៅ​លើ​គេ ដើម្បី​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ ទាស់​នឹង​គេ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ

9 ប៉ុន្តែ​អញ​បាន​ប្រព្រឹត្ត ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ ជា​សាសន៍​ដែល​គេ​នៅ​កណ្តាល ហើយ​ដែល​អញ​បាន​សំដែង​ឲ្យ​គេ​ស្គាល់​អញ នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​នោះ ដោយ​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ដែរ។

10 ដូច្នេះ អញ​បាន​ធ្វើ​ឲ្យ​គេ​ចាក់​ចេញ​ពី​ស្រុក​អេស៊ីព្ទ ហើយ​បាន​នាំ​ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន

11 អញ​ក៏​ឲ្យ​ក្រឹត្យ‌ក្រម​របស់​អញ​ដល់​គេ ព្រម​ទាំង​សំដែង​ឲ្យ​គេ​ស្គាល់​បញ្ញត្ត​ច្បាប់​ទាំង​ប៉ុន្មាន​របស់​អញ ដែល​បើ​អ្នក​ណា​ប្រព្រឹត្ត​តាម​អ្នក​នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ

12 អញ​ក៏​តាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ឲ្យ​គេ​ដែរ ទុក​សំរាប់​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ