9 ប៉ុន្តែអញបានប្រព្រឹត្ត ដោយយល់ដល់ឈ្មោះអញ ដើម្បីមិនឲ្យត្រូវទាបថោក នៅចំពោះភ្នែកនៃសាសន៍ដទៃ ជាសាសន៍ដែលគេនៅកណ្តាល ហើយដែលអញបានសំដែងឲ្យគេស្គាល់អញ នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
10 ដូច្នេះ អញបានធ្វើឲ្យគេចាក់ចេញពីស្រុកអេស៊ីព្ទ ហើយបាននាំចូលទៅក្នុងទីរហោស្ថាន
11 អញក៏ឲ្យក្រឹត្យក្រមរបស់អញដល់គេ ព្រមទាំងសំដែងឲ្យគេស្គាល់បញ្ញត្តច្បាប់ទាំងប៉ុន្មានរបស់អញ ដែលបើអ្នកណាប្រព្រឹត្តតាមអ្នកនោះនឹងបានរស់ដោយសារច្បាប់នោះ
12 អញក៏តាំងថ្ងៃឈប់សំរាករបស់អញឲ្យគេដែរ ទុកសំរាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ
13 ប៉ុន្តែពូជពង្សនៃពួកអ៊ីស្រាអែលបានរឹងចចេសនឹងអញ នៅទីរហោស្ថានវិញ គេមិនបានប្រព្រឹត្តតាមច្បាប់អញទេ ក៏បោះបង់ចោលអស់ទាំងបញ្ញត្តរបស់អញ ជាច្បាប់ដែលអ្នកណាប្រព្រឹត្តតាម នោះនឹងបានរស់ដោយសារច្បាប់នោះឯង ហើយគេក៏បង្អាប់ថ្ងៃឈប់សំរាករបស់អញយ៉ាងក្រៃលែង នោះអញបានថា អញនឹងចាក់សេចក្ដីឃោរឃៅរបស់អញ ទៅលើគេនៅក្នុងទីរហោស្ថាន ដើម្បីនឹងរំលីងគេឲ្យអស់ទៅ
14 ប៉ុន្តែអញបានប្រព្រឹត្តដោយយល់ដល់ឈ្មោះអញវិញ ដើម្បីមិនឲ្យឈ្មោះអញត្រូវទាបថោក នៅភ្នែកនៃអស់ទាំងសាសន៍ដែលអញបាននាំគេចេញ នៅចំពោះមុខនោះឡើយ
15 មួយទៀត អញបានស្បថនឹងគេ នៅទីរហោស្ថានថា អញមិនព្រមនាំគេចូលទៅក្នុងស្រុក ដែលអញបានឲ្យដល់គេ ជាស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលជាស្រុករុងរឿងជាងអស់ទាំងស្រុកនោះទេ