អេសេគាល 21:2-8 KHOV

2 កូន​មនុស្ស​អើយ ចូរ​ដំរង់​មុខ​ឯង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​ពោល​ទៅ​ខាង​ទី​បរិសុទ្ធ​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​ស្រុក​អ៊ីស្រា‌អែល​ចុះ

3 ហើយ​ប្រាប់​ដល់​ស្រុក​អ៊ីស្រា‌អែល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល​អញ​ទាស់​ទទឹង​នឹង​ឯង អញ​នឹង​ហូត​ដាវ​របស់​អញ​ចេញ​ពី​ស្រោម ហើយ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង​ផង

4 ដូច្នេះ ដោយ​ព្រោះ​អញ​នឹង​កាត់​ទាំង​មនុស្ស​សុចរិត និង​មនុស្ស​ទុច្ចរិត​ចេញ​ពី​ឯង នោះ​ដាវ​របស់​អញ​នឹង​ចេញ​ពី​ស្រោម ទៅ​ទាស់​នឹង​គ្រប់​ទាំង​មនុស្ស ចាប់​តាំង​ពី​ខាង​ត្បូង​រហូត​ដល់​ខាង​ជើង

5 នោះ​គ្រប់​ទាំង​មនុស្ស​នឹង​ដឹង​ថា អញ គឺ​ព្រះ‌យេហូវ៉ា បាន​ហូត​ដាវ​របស់​អញ​ពី​ស្រោម​ចេញ​ហើយ ដាវ​នោះ​នឹង​មិន​បាន​ស៊ក​ចូល​ទៅ​វិញ​ទៀត​ឡើយ

6 ដូច្នេះ ឱ​កូន​មនុស្ស​អើយ ចូរ​ដក​ដង្ហើម​ធំ​ចុះ ឯង​នឹង​ត្រូវ​ដក​ដង្ហើម​ធំ​នៅ​ចំពោះ​ភ្នែក​គេ ដោយ​ចុក​សៀត​ចង្កេះ ហើយ​មាន​ចិត្ត​ជូរ​ចត់

7 រួច​កាល​ណា​គេ​សួរ​ឯង​ថា ហេតុ​អ្វី​បាន​ជា​ដង្ហើម​ធំ​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា គឺ​ដោយ​ព្រោះ​បាន​ឮ​ដំណឹង ពី​ព្រោះ​ការ​នោះ​កំពុង​តែ​មក ហើយ​ចិត្ត​មនុស្ស​ទាំង​អស់​នឹង​រលាយ​ទៅ ដៃ​ទាំង​អស់​នឹង​អន់​ខ្សោយ វិញ្ញាណ​ទាំង​អស់​នឹង​ស្រយុត​ចុះ ហើយ​ក្បាល​ជង្គង់​ទាំង​ប៉ុន្មាន​នឹង​ទន់​ដូច​ជា​ទឹក មើល ការ​នោះ​កំពុង​តែ​មក​ហើយ ក៏​នឹង​បាន​សំរេច​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

8 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា