អេសេគាល 21:21-27 KHOV

21 ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​២​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​រូប​ព្រះ ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម

22 ឯ​ឆ្នោត​ដែល​កាន់​នៅ​ដៃ​ស្តាំ បាន​សំដៅ​ទៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​រៀប​គ្រឿង​បុក​ទំលាយ​កំផែង ឲ្យ​បាន​ចន្លោះ​ចំហ​ចូល​ទៅ​ដល់​ការ​កាប់​សំឡាប់ និង​បន្លឺ​សំឡេង​ហ៊ោ ហើយ​តាំង​គ្រឿង​សំរាប់​ទំលាយ​ទ្វារ​កំផែង ព្រម​ទាំង​ការ​ជីក​ស្នាម​ភ្លោះ ហើយ​សង់​បន្ទាយ

23 តែ​សាសន៍​ឯង​នឹង​មើល សេចក្ដី​ទំនាយ​នោះ ទុក​ជា​ភូត‌ភរ​ទេ ដ្បិត​គេ​បាន​តាំង​សម្បថ​នឹង​អ្នក​ដទៃ​ហើយ តែ​ស្តេច​នោះ​នឹង​រំឭក​ពី​អំពើ​ទុច្ចរិត​វិញ ដើម្បី​នឹង​ចាប់​យក​គេ​បាន។

24 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​បាន​ជា​ឯង​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន

25 ឯ​ឯង ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រា‌អែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ

26 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ដោះ​ក្បាំង ដោះ​មកុដ​ចេញ នេះ​មិន​ដូច​ធម្មតា​ទេ ចូរ​លើក​អ្វី​ដែល​ទាប​ថោក ហើយ​បន្ទាប​អ្វី​ដែល​ខ្ពង់‌ខ្ពស់​ចុះ

27 អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់‌ត្រឡិន ត្រឡប់‌ត្រឡិន​ទៅ នេះ​ក៏​មិន​នៅ​ទៀត​ដែរ ដរាប​ដល់​អ្នក​នោះ​កើត​ឡើង ដែល​មាន​ច្បាប់​ទទួល រួច​អញ​នឹង​ប្រគល់​ដល់​អ្នក​នោះ។