7 រួចកាលណាគេសួរឯងថា ហេតុអ្វីបានជាដង្ហើមធំដូច្នេះ នោះត្រូវឲ្យឯងប្រាប់ថា គឺដោយព្រោះបានឮដំណឹង ពីព្រោះការនោះកំពុងតែមក ហើយចិត្តមនុស្សទាំងអស់នឹងរលាយទៅ ដៃទាំងអស់នឹងអន់ខ្សោយ វិញ្ញាណទាំងអស់នឹងស្រយុតចុះ ហើយក្បាលជង្គង់ទាំងប៉ុន្មាននឹងទន់ដូចជាទឹក មើល ការនោះកំពុងតែមកហើយ ក៏នឹងបានសំរេចផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
8 ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា
9 កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរថា ន៍ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង
10 ដាវនោះបានសំលៀង ដើម្បីនឹងសំឡេះយ៉ាងសន្ធឹក ក៏បានខាត់ឲ្យភ្លឺ ដើម្បីឲ្យបានដូចផ្លេកបន្ទោរ ដូច្នេះ តើគួរឲ្យយើងលេងសប្បាយឬអី ដំបងដែលវាយកូនអញ នោះមើលងាយគ្រប់ទាំងឈើផង
11 ដាវនោះបានប្រគល់ដល់គេឲ្យខាត់ឲ្យភ្លឺ ដើម្បីនឹងដាក់នៅដៃនៃអ្នកដែលកាប់សំឡាប់ ដាវនោះបានសំលៀងហើយ អើ ក៏ខាត់ឲ្យភ្លឺផង ដើម្បីនឹងដាក់នៅដៃនៃគេ
12 កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើរាស្ត្ររបស់អញ ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយនឹងរាស្ត្រអញ ដូច្នេះចូរទះភ្លៅឯងចុះ
13 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេចទៅ