អេសេគាល 22:22-28 KHOV

22 ប្រាក់​ត្រូវ​រលាយ​ទៅ​ក្នុង​បាវ​ឡ​យ៉ាង​ណា នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​រលាយ​ទៅ នៅ​កណ្តាល​នោះ​យ៉ាង​នោះ​ដែរ ដូច្នេះ ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​ឯង​រាល់​គ្នា។

23 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

24 កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ទី​ក្រុង​ថា ឯង​ជា​ស្រុក​ដែល​មិន​បាន​ជំរះ​សំអាត​ឡើយ ក៏​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ឯង ក្នុង​គ្រា​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​ផង

25 ពួក​ហោរា​របស់​វា គេ​គិត‌គូរ​គ្នា​នៅ​កណ្តាល​នោះ ហាក់​ដូច​ជា​សិង្ហ ដែល​គ្រហឹម​កំពុង​ហែក​រំពា​ស៊ី គេ​បាន​ត្របាក់​លេប​ព្រលឹង​មនុស្ស គេ​យក​ទ្រព្យ‌សម្បត្តិ និង​របស់​មាន​ដំឡៃ​ទៅ ហើយ​គេ​ធ្វើ​ឲ្យ​មាន​ពួក​ស្រី​មេម៉ាយ​ជា​ច្រើន​នៅ​កណ្តាល​ទី​ក្រុង

26 ពួក​សង្ឃ​ក៏​បាន​ធ្វើ​ទទឹង​នឹង​ក្រឹត្យ‌វិន័យ​របស់​អញ ព្រម​ទាំង​បង្អាប់​របស់​បរិសុទ្ធ​ទាំង​ប៉ុន្មាន​របស់​អញ គេ​មិន​បាន​ចេះ​ញែក​របស់​បរិសុទ្ធ​ចេញ​ពី​របស់​ធម្មតា​ទេ ក៏​មិន​បាន​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​សំគាល់​របស់​មិន​ស្អាត និង​របស់​ស្អាត​ដែរ គេ​គេច​ភ្នែក​ចេញ​ពី​ថ្ងៃ​ឈប់​សំរាក​របស់​អញ ហើយ​អញ​ក៏​ត្រូវ​អាប់‌ឱន​នៅ​ក្នុង​ពួក​គេ

27 ពួក​ចៅ‌ហ្វាយ​នៅ​កណ្តាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​តែ​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កំចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កំរៃ​ទុច្ចរិត

28 ពួក​ហោរា​បាន​បូក​ល្បាប់​ឲ្យ​គេ ដោយ​ឃើញ​ការ​ជាក់‌ស្តែង​ជា​សេចក្ដី​កំភូត ហើយ​ទាយ​កុហក​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​ព្រះ‌បន្ទូល​សោះ