អេសេគាល 22:4-10 KHOV

4 ឯង​មាន​ទោស​ដោយ​ឈាម​ដែល​ឯង​បាន​កំចាយ​នោះ ហើយ​ក៏​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​ដែល​ឯង​បាន​ធ្វើ​ដែរ ឯង​បាន​ធ្វើ​ឲ្យ​ថ្ងៃ​កំណត់​ឯង​ជិត​មក​ដល់ ឯង​ដល់​កំណត់​ឆ្នាំ​របស់​ឯង​ហើយ ហេតុ​នោះ​បាន​ជា​អញ​ធ្វើ​ឲ្យ​ឯង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះដៀល​ដល់​អស់​ទាំង​សាសន៍ ហើយ​ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​ស្រុក​ទាំង​ប៉ុន្មាន​ផង

5 ឱ​ឯង​ដែល​ស្អុយ​ឈ្មោះ ហើយ​ពេញ​ដោយ​ការ​វឹកវរ​អើយ ពួក​អ្នក​ដែល​នៅ​ជិត ហើយ​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ​ផង គេ​នឹង​ចំអក​ឡក‌ឡឺយ​ឲ្យ​ឯង។

6 មើល ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល​គ្រប់​គ្នា​បាន​នៅ​ក្នុង​ឯង តាម​អំណាច​ដែល​អាច​នឹង​កំចាយ​ឈាម

7 នៅ​ក្នុង​ឯង​គេ​បាន​មើល‌ងាយ​ទាំង​ឪពុក​ម្តាយ​ផង នៅ​កណ្តាល​ឯង គេ​បាន​សង្កត់‌សង្កិន​ពួក​អ្នក​ដែល​ស្នាក់​នៅ ហើយ​នៅ​ក្នុង​ឯង​គេ​បាន​រឹប‌ជាន់​ពួក​កំព្រា និង​ស្រី​មេម៉ាយ

8 ឯង​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​អញ ហើយ​បាន​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ដែរ

9 នៅ​ក្នុង​ឯង​មាន​មនុស្ស​ដែល​និយាយ​បង្កាច់​គេ ដើម្បី​នឹង​កំចាយ​ឈាម នៅ​ក្នុង​ឯង​គេ​បាន​ស៊ី​នៅ​លើ​ភ្នំ នៅ​កណ្តាល​ឯង​គេ​បាន​ប្រព្រឹត្ត​ការ​អាស្រូវ​បារាយណ៍

10 នៅ​ក្នុង​ឯង​គេ​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក នៅ​ក្នុង​ឯង​គេ​បាន​បង្ខំ​ស្រី​ដែល​ត្រូវ​ញែក​ចេញ​ដោយ​មាន​រដូវ