អេសេគាល 23:12-18 KHOV

12 វា​ជាប់​ចិត្ត​ស្រឡាញ់​ពួក​សាសន៍​អាស‌ស៊ើរ ជា​ពួក​ចៅ‌ហ្វាយ គឺ​ជា​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជិត​ខាង​វា ជា​ពួក​អ្នក​ដែល​ស្លៀក‌ពាក់​ដោយ​រុងរឿង ហើយ​ជិះ​សេះ សុទ្ធ​តែ​ជា​ពួក​កំឡោះ​យ៉ាង​ចាប់​ចិត្ត

13 អញ​ក៏​បាន​ឃើញ​ថា វា​ត្រូវ​ស្មោក‌គ្រោក​ហើយ​ដែរ បង​ប្អូន​២​នាក់​បាន​ដើរ​តាម​ផ្លូវ​តែ​១

14 តែ​ប្អូន​បាន​ចំរើន​ការ​សំផឹង​របស់​ខ្លួន​ជា​ច្រើន​ឡើង ដ្បិត​វា​បាន​ឃើញ​រូប​មនុស្ស​ដែល​បាន​គូរ​នៅ​ជញ្ជាំង គឺ​ជា​រូប​ពួក​សាសន៍​ខាល់ដេ ដែល​គូរ​ដោយ​ពណ៌​ក្រហម

15 មាន​ទាំង​ខ្សែ​ក្រវាត់​នៅ​ចង្កេះ ហើយ​ក្បាល​ជួត​ដោយ​ឈ្នួល​មាន​រំភាយ​សំយុង​ចុះ គ្រប់​គ្នា​មាន​ភាព​មើល​ទៅ​ដូច​ជា​កូន​ស្តេច តាម​បែប​ពួក​ក្រុង​បាប៊ីឡូន ក្នុង​ស្រុក​ខាល់ដេ ជា​ស្រុក​កំណើត​របស់​គេ

16 កាល​វា​បាន​ឃើញ​គេ នោះ​ក៏​ជាប់​ចិត្ត​ស្រឡាញ់​ភ្លាម ហើយ​បាន​ចាត់​ទូត​ទៅ​ឯ​គេ ក្នុង​ស្រុក​ខាល់ដេ

17 នោះ​ពួក​ក្រុង​បាប៊ីឡូន​ក៏​មក​ឯ​វា រួម​ដំណេក​ដោយ​ស្រឡាញ់ គេ​ក៏​ធ្វើ​ឲ្យ​វា​ស្មោក‌គ្រោក​ដោយ​ការ​កំផិត​របស់​គេ វា​បាន​សៅ‌ហ្មង​ដោយ‌សារ​គេ រួច​ចិត្ត​វា​ក៏​ណាយ​ចេញ​ពី​គេ​វិញ

18 គឺ​យ៉ាង​នោះ​ដែល​វា​បាន​បើក​អំពើ​កំផិត​របស់​វា ហើយ​បើក​កេរ‌ខ្មាស​ឲ្យ​ឃើញ​ផង ដូច្នេះ ចិត្ត​អញ​ក៏​ជិន‌ណាយ​ពី​វា ដូច​ជា​បាន​ជិន‌ណាយ​ពី​បង​វា​ដែរ