19 ប៉ុន្តែវាចេះតែចំរើនការសំផឹងរបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើសំផឹងនៅក្នុងស្រុកអេស៊ីព្ទនោះ
20 វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ
21 គឺយ៉ាងនោះ ដែលឯងនឹកចាំ ពីអំពើអាស្រូវបារាយណ៍ ដែលប្រព្រឹត្តពីកាលនៅក្មេង ដោយពួកសាសន៍អេស៊ីព្ទបានចាប់ដោះឯង ដែលដោះឯងនៅជាក្រមុំផង។
22 ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងដាស់ពួកសហាយឯង ដែលឯងបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងឯង អញនឹងនាំគេមកទាស់នឹងឯងនៅគ្រប់ទិស
23 គឺជាពួកក្រុងបាប៊ីឡូន ពួកខាល់ដេទាំងប៉ុន្មាន ពួកពេកូឌ ពួកសូអា និងពួកកូអា ព្រមទាំងពួកអាសស៊ើរជាមួយនឹងគេដែរ ជាពួកកំឡោះគួរចាប់ចិត្ត ជាពួកចៅហ្វាយ ជាពួកអ្នកគ្រប់គ្រងទាំងអស់គ្នា ព្រមទាំងពួកកូនស្តេច និងមនុស្សមានឈ្មោះ ដែលសុទ្ធតែជិះសេះគ្រប់គ្នាផង
24 គេនឹងលើកគ្នាមកទាស់នឹងឯង ទាំងមានគ្រឿងសស្ត្រាវុធ រទេះ និងយន្តចំបាំង ព្រមទាំងនាំកងទ័ពមកជាច្រើន ពួកទាំងនោះនឹងដំរៀបគ្នានៅជុំវិញឯង ទាំងកាន់ខែលធំខែលតូច និងពាក់មួកសឹកផង រួចអញនឹងប្រគល់ការជំនុំជំរះដល់គេ នោះគេនឹងជំនុំជំរះឯងតាមច្បាប់របស់គេ
25 អញនឹងតាំងសេចក្ដីប្រចណ្ឌរបស់អញទាស់នឹងឯង ហើយគេនឹងប្រព្រឹត្តនឹងឯង ដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកឯងចេញ ហើយសំណល់របស់ឯងនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់ឯងទៅពួកឯង ដែលនៅសល់ នោះនឹងត្រូវភ្លើងស៊ីបំផ្លាញបង់