អេសេគាល 23:23-29 KHOV

23 គឺ​ជា​ពួក​ក្រុង​បាប៊ីឡូន ពួក​ខាល់ដេ​ទាំង​ប៉ុន្មាន ពួក​ពេកូឌ ពួក​សូអា និង​ពួក​កូអា ព្រម​ទាំង​ពួក​អាស‌ស៊ើរ​ជា​មួយ​នឹង​គេ​ដែរ ជា​ពួក​កំឡោះ​គួរ​ចាប់​ចិត្ត ជា​ពួក​ចៅ‌ហ្វាយ ជា​ពួក​អ្នក​គ្រប់‌គ្រង​ទាំង​អស់​គ្នា ព្រម​ទាំង​ពួក​កូន​ស្តេច និង​មនុស្ស​មាន​ឈ្មោះ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់​គ្នា​ផង

24 គេ​នឹង​លើក​គ្នា​មក​ទាស់​នឹង​ឯង ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ រទេះ និង​យន្ត​ចំបាំង ព្រម​ទាំង​នាំ​កង‌ទ័ព​មក​ជា​ច្រើន ពួក​ទាំង​នោះ​នឹង​ដំរៀប​គ្នា​នៅ​ជុំវិញ​ឯង ទាំង​កាន់​ខែល​ធំ​ខែល​តូច និង​ពាក់​មួក​សឹក​ផង រួច​អញ​នឹង​ប្រគល់​ការ​ជំនុំ‌ជំរះ​ដល់​គេ នោះ​គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ច្បាប់​របស់​គេ

25 អញ​នឹង​តាំង​សេចក្ដី​ប្រចណ្ឌ​របស់​អញ​ទាស់​នឹង​ឯង ហើយ​គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង ដោយ​សេចក្ដី​ឃោរ‌ឃៅ គេ​នឹង​កាត់​ច្រមុះ កាត់​ត្រចៀក​ឯង​ចេញ ហើយ​សំណល់​របស់​ឯង​នឹង​ដួល​ដោយ​ដាវ គេ​នឹង​ចាប់​យក​កូន​ប្រុស​កូន​ស្រី​របស់​ឯង​ទៅ​ពួក​ឯង ដែល​នៅ​សល់ នោះ​នឹង​ត្រូវ​ភ្លើង​ស៊ី​បំផ្លាញ​បង់

26 គេ​នឹង​បក​យក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​យក​គ្រឿង​លំអ​របស់​ឯង​ទៅ​ដែរ

27 គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​បំបាត់​អំពើ​អាស្រូវ​បារាយណ៍​ពី​ឯង​ចេញ ព្រម​ទាំង​ការ​សំផឹង​របស់​ឯង ដែល​ជាប់​មក​ពី​ស្រុក​អេស៊ីព្ទ​ផង ឯង​នឹង​មិន​សំលៀង​ភ្នែក​មើល​ទៅ​គេ​ទៀត​ឡើយ ក៏​មិន​រឭក​ដល់​ស្រុក​អេស៊ីព្ទ​ទៀត​ដែរ

28 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ឯង​ស្អប់ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​ចិត្ត​ឯង​បាន ណាយ​ចេញ​ពី​គេ​នោះ

29 គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។