25 អញនឹងតាំងសេចក្ដីប្រចណ្ឌរបស់អញទាស់នឹងឯង ហើយគេនឹងប្រព្រឹត្តនឹងឯង ដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកឯងចេញ ហើយសំណល់របស់ឯងនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់ឯងទៅពួកឯង ដែលនៅសល់ នោះនឹងត្រូវភ្លើងស៊ីបំផ្លាញបង់
26 គេនឹងបកយកសំលៀកបំពាក់ឯងចេញ ហើយយកគ្រឿងលំអរបស់ឯងទៅដែរ
27 គឺយ៉ាងនោះដែលអញនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីឯងចេញ ព្រមទាំងការសំផឹងរបស់ឯង ដែលជាប់មកពីស្រុកអេស៊ីព្ទផង ឯងនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ
28 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងស្អប់ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលចិត្តឯងបាន ណាយចេញពីគេនោះ
29 គេនឹងប្រព្រឹត្តនឹងឯងដោយចិត្តស្អប់ គេនឹងដកយកអស់ទាំងផលនៃការឯងទៅ ទុកឲ្យឯងនៅជាអាក្រាត ហើយខ្លួនទទេ នោះសេចក្ដីអាម៉ាស់ខ្មាសនៃការកំផិតរបស់ឯងនឹងបានបើកនៅចំហ ព្រមទាំងការអាស្រូវបារាយណ៍ និងការសំផឹងរបស់ឯងផង។
30 ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ
31 ឯងបានប្រព្រឹត្តតាមកិរិយារបស់បងស្រីឯង ហេតុនោះអញនឹងឲ្យពែងរបស់បងឯងទៅក្នុងដៃឯងដែរ