អេសេគាល 23:29-35 KHOV

29 គេ​នឹង​ប្រព្រឹត្ត​នឹង​ឯង​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​នៃ​ការ​ឯង​ទៅ ទុក​ឲ្យ​ឯង​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​ឯង​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​សំផឹង​របស់​ឯង​ផង។

30 ការ​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ដល់​ឯង ដោយ​ព្រោះ​ឯង​បាន​ផិត​តាម​អស់​ទាំង​សាសន៍​ដទៃ ហើយ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ​រូប​ព្រះ​របស់​គេ

31 ឯង​បាន​ប្រព្រឹត្ត​តាម​កិរិយា​របស់​បង​ស្រី​ឯង ហេតុ​នោះ​អញ​នឹង​ឲ្យ​ពែងរបស់​បង​ឯង​ទៅ​ក្នុង​ដៃ​ឯង​ដែរ

32 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​របស់​បង​ស្រី​ឯង ជា​ពែង​យ៉ាង​ជ្រៅ ហើយ​ធំ ឯង​នឹង​ត្រូវ​គេ​សើច​ឡក‌ឡឺយ ហើយ​ទុក​ជា​ទី​មើល‌ងាយ អើ ពែង​នោះ​ចំណុះ​ជា​ច្រើន

33 ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​ឯង

34 ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​នឹង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

35 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​ឯង​ចុះ។