អេសេគាល 23:33-39 KHOV

33 ឯង​នឹង​បាន​ពេញ​ដោយ​ស្រវឹង ហើយ​ទុក្ខ​ព្រួយ គឺ​ជា​ពែង​នៃ​សេចក្ដី​ស្រឡាំង‌កាំង និង​សេចក្ដី​ស្ងាត់‌ជ្រងំ ជា​ពែង​របស់​សាម៉ារី​បង​ស្រី​ឯង

34 ឯង​នឹង​ត្រូវ​ផឹក​ពី​ពែង​នោះ ព្រម​ទាំង​សំរេង​ផង រួច​នឹង​កកេរ​បំណែក ហើយ​នឹង​ហែក​ដោះ​ឯង​ទៅ ដ្បិត​អញ​នេះ​បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា

35 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ភ្លេច​អញ ព្រម​ទាំង​បោះ‌បង់​អញ​ចោល​ទៅ​ក្រោយ​ខ្នង​ឯង​ដូច្នេះ នោះ​ត្រូវ​ឲ្យ​ឯង​រង​ទ្រាំ​នឹង​អំពើ​អាស្រូវ​បារាយណ៍ និង​ការ​កំផិត​របស់​ឯង​ចុះ។

36 ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ តើ​ឯង​ចង់​ជំនុំ‌ជំរះ​អូហូ‌ឡា និង​អូហូ‌លីបា​ឬ​អី បើ​ដូច្នេះ ចូរ​រំឭក​ឲ្យ​នាង​ដឹង​ពី​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​នាង​ចុះ

37 ដ្បិត​នាង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត​ហើយ ក៏​មាន​ឈាម​ប្រឡាក់​នៅ​ដៃ​នាង​ដែរ នាង​បាន​ផិត​ទៅ​តាម​រូប​ព្រះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​កូន ដែល​នាង​បង្កើត​ដល់​អញ ឆ្លង​កាត់​ភ្លើង ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ ឲ្យ​វា​ត្រូវ​ឆេះ​ទៅ

38 មួយ​ទៀត នាង​បាន​ធ្វើ​ការ​យ៉ាង​នេះ​ដល់​អញ គឺ​បាន​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​អញ​ស្មោក‌គ្រោក​ទៅ​នៅ​ថ្ងៃ​១​នោះ​ឯង ព្រម​ទាំង​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ផង

39 ដ្បិត​កាល​នាង​បាន​សំឡាប់​កូន​របស់​ខ្លួន ថ្វាយ​ដល់​រូប​ព្រះ​ទាំង​នោះ​ហើយ នៅ​ថ្ងៃ​នោះ​ឯង នាង​ក៏​ចូល​ក្នុង​ទី​បរិសុទ្ធ​របស់​អញ ដើម្បី​នឹង​បង្អាប់​ទី​នោះ​ទៀត មើល នាង​បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នៅ​កណ្តាល​វិហារ​របស់​អញ