4 ឯនាងទាំង២នោះ បងឈ្មោះថា អូហូឡា ហើយប្អូនឈ្មោះអូហូលីបា គេក៏ត្រឡប់ជារបស់ផងអញ ហើយបង្កើតបានកូនប្រុស និងកូនស្រី ចំណែកឈ្មោះគេ នោះអូហូឡា គឺជាក្រុងសាម៉ារី ហើយអូហូលីបា គឺជាក្រុងយេរូសាឡិម។
5 ឯអូហូឡា នាងក៏ធ្វើជាសំផឹង ក្នុងកាលដែលធ្វើជាប្រពន្ធរបស់អញ វាជាប់ចិត្តនឹងសហាយវា គឺនឹងសាសន៍អាសស៊ើរ ជាអ្នកជិតខាងវា
6 ជាពួកអ្នកដែលស្លៀកពាក់ដោយសំពត់ពណ៌ខៀវ សុទ្ធតែជាចៅហ្វាយ ហើយជាអ្នកគ្រប់គ្រង ជាពួកកំឡោះដែលចាប់ចិត្ត ហើយក៏ជិះសេះគ្រប់គ្នា
7 វាធ្វើសំផឹងនឹងគេ ដែលសុទ្ធតែជាមនុស្សជ្រើសរើសក្នុងសាសន៍អាសស៊ើរ ហើយវាក៏ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក ដោយរូបព្រះរបស់អស់អ្នកដែលវាជាប់ចិត្តស្រឡាញ់នោះ
8 វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ នោះគេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា
9 ហេតុនោះ អញបានប្រគល់វាទៅក្នុងកណ្តាប់ដៃនៃពួកសហាយវា គឺក្នុងកណ្តាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ
10 គេបានបើកកេរខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសំឡាប់ខ្លួនវាដោយដាវផង រួចវាមានល្បីឈ្មោះនៅក្នុងពួកស្រីៗ ដ្បិតគេបានសំរេចទោសដល់វា។