8 វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ នោះគេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា
9 ហេតុនោះ អញបានប្រគល់វាទៅក្នុងកណ្តាប់ដៃនៃពួកសហាយវា គឺក្នុងកណ្តាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ
10 គេបានបើកកេរខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសំឡាប់ខ្លួនវាដោយដាវផង រួចវាមានល្បីឈ្មោះនៅក្នុងពួកស្រីៗ ដ្បិតគេបានសំរេចទោសដល់វា។
11 ឯអូហូលីបា ជាប្អូន ក៏ឃើញដូច្នោះដែរ ប៉ុន្តែបានប្រព្រឹត្តខូចអាក្រក់ជាងទៅទៀត ដោយជាប់ចិត្តស្រឡាញ់គេ ហើយដោយការសំផឹងរបស់វា ដែលលើសជាងការសំផឹងរបស់បងខ្លួន
12 វាជាប់ចិត្តស្រឡាញ់ពួកសាសន៍អាសស៊ើរ ជាពួកចៅហ្វាយ គឺជាពួកអ្នកគ្រប់គ្រងដែលនៅជិតខាងវា ជាពួកអ្នកដែលស្លៀកពាក់ដោយរុងរឿង ហើយជិះសេះ សុទ្ធតែជាពួកកំឡោះយ៉ាងចាប់ចិត្ត
13 អញក៏បានឃើញថា វាត្រូវស្មោកគ្រោកហើយដែរ បងប្អូន២នាក់បានដើរតាមផ្លូវតែ១
14 តែប្អូនបានចំរើនការសំផឹងរបស់ខ្លួនជាច្រើនឡើង ដ្បិតវាបានឃើញរូបមនុស្សដែលបានគូរនៅជញ្ជាំង គឺជារូបពួកសាសន៍ខាល់ដេ ដែលគូរដោយពណ៌ក្រហម