21 ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
22 គ្រានោះអ្នករាល់គ្នានឹងធ្វើដូចជាខ្ញុំបានធ្វើនេះដែរ គឺអ្នករាល់គ្នានឹងមិនបិទបាំងបបូរមាត់ ឬស៊ីអាហារធម្មតាទេ
23 ឯសំពត់ឈ្នួតនឹងនៅជាប់លើក្បាល ហើយស្បែកជើងនៅជាប់នឹងជើងដែរ អ្នករាល់គ្នានឹងមិនសោយសោក ឬយំយែកឡើយ គឺនឹងរោយរៀវទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន ហើយនឹងថ្ងូរប្រទល់មុខគ្នានឹងគ្នាវិញ
24 អេសេគាលនឹងធ្វើជាទីសំគាល់ ដល់ឯងរាល់គ្នាយ៉ាងនោះឯង ឯងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
25 ឯឯង កូនមនុស្សអើយ នៅថ្ងៃដែលអញនឹងដកយកទីពឹងពីគេចេញ ព្រមទាំងសេចក្ដីអំណរចំពោះសិរីល្អរបស់គេ និងអ្វីៗដែលត្រូវចំណុចភ្នែក ហើយសំណប់ចិត្តគេផង គឺកូនប្រុសកូនស្រីគេ
26 នៅថ្ងៃនោះឯង អ្នកណាដែលរត់រួចបាន គេនឹងមកឯឯង ដើម្បីនឹងប្រាប់ពីការនោះឲ្យឯងឮដោយត្រចៀក
27 នៅថ្ងៃនោះ មាត់ឯងនឹងបើកឡើងដល់អ្នកដែលរត់រួច ឯងនឹងអាចនិយាយបាន មិននៅគទៀតឡើយ គឺយ៉ាងនោះ ដែលឯងនឹងធ្វើជាទីសំគាល់ដល់គេ ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។