5 ត្រូវឲ្យរើសយកចៀមយ៉ាងសំរាំង ហើយដុតទាំងឆ្អឹងនៅពីក្រោម ត្រូវធ្វើឲ្យពុះយ៉ាងខ្លាំង ឲ្យឆ្អឹងនៅក្នុងថ្លាងនោះបានឆ្អិន។
6 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម គឺដល់ថ្លាងដែលជាប់មានក្អែល ដែលក្អែលនោះមិនបានដុសចេញ ចូរយកសាច់ចេញដោយដុំៗ ឥតបោះឆ្នោតសោះ
7 ដ្បិតឈាមដែលបានកំចាយនោះ ក៏នៅកណ្តាលទីក្រុងនៅឡើយ វាបានដាក់ឈាមនោះនៅលើថ្មរលីង មិនបានចាក់ទៅលើដី ដើម្បីនឹងគ្របបាំងដោយធូលីដីទេ
8 ជាការដែលបណ្តាលឲ្យសេចក្ដីក្រោធ ឡើងមកសងសឹកនឹងវា ដូច្នេះ អញបានដាក់ឈាមវាទៅលើថ្មរលីង ដើម្បីមិនឲ្យបានគ្របបាំងដែរ
9 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម អញនឹងបង្គរឱសឡើងយ៉ាងច្រើន
10 ចូរគរឱសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ ហើយដុតឆ្អឹងទៅ
11 បន្ទាប់នោះត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស