អេសេគាល 24:8-14 KHOV

8 ជា​ការ​ដែល​បណ្តាល​ឲ្យ​សេចក្ដី​ក្រោធ ឡើង​មក​សង‌សឹក​នឹង​វា ដូច្នេះ អញ​បាន​ដាក់​ឈាម​វា​ទៅ​លើ​ថ្ម​រលីង ដើម្បី​មិន​ឲ្យ​បាន​គ្រប​បាំង​ដែរ

9 ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា វេទនា​ដល់​ទី​ក្រុង​ដែល​ប្រឡាក់​ដោយ​ឈាម អញ​នឹង​បង្គរ​ឱស​ឡើង​យ៉ាង​ច្រើន

10 ចូរ​គរ​ឱស​ឡើង​ជា​ច្រើន ដុត​ភ្លើង​ឲ្យ​យ៉ាង​ក្តៅ ហើយ​ស្ងោរ​សាច់​ឲ្យ​ឆ្អិន រួច​បង់​គ្រឿង‌គ្រៅ ហើយ​ដុត​ឆ្អឹង​ទៅ

11 បន្ទាប់​នោះ​ត្រូវ​ឲ្យ​យក​ថ្លាង​ទទេ ដាក់​លើ​រងើក​ភ្លើង​ឲ្យ​ក្តៅ ហើយ​ឲ្យ​លង្ហិន​បាន​ឆេះ​ទៅ ដើម្បី​ឲ្យ​គ្រឿង​ស្មោក‌គ្រោក​បាន​រលាយ​ចេញ ហើយ​ឲ្យ​ក្អែល​បាន​ឆេះ​ឲ្យ​សុស

12 វា​បាន​នឿយ​ហត់​ដោយ​ការ​ឥត​ប្រយោជន៍ ប៉ុន្តែ​ក្អែល​យ៉ាង​សំបើម​របស់​វា​មិន​ចេះ​បាត់​ចេញ​ទេ ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ

13 មាន​ការ​អាស្រូវ​បារាយណ៍ នៅ​ក្នុង​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង ដ្បិត​អញ​បាន​ដុស​ជំរះ​ឯង តែ​ឯង​មិន​បាន​ស្អាត​ទេ ដូច្នេះ ឯង​នឹង​មិន​បាន​ស្អាត ពី​សេចក្ដី​ស្មោក‌គ្រោក​របស់​ឯង​ទៀត​ឡើយ ដរាប​ដល់​អញ​ឲ្យ​សេចក្ដី​ក្រោធ​របស់​អញ ចំពោះ​ឯង​បាន​សំរាក​វិញ

14 អញ​នេះ គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ ការ​នេះ​នឹង​កើត​មក ហើយ​អញ​នឹង​ធ្វើ​ឲ្យ​សំរេច​ជា​ពិត អញ​មិន​ព្រម​ដក​ថយ ឬ​ត្រា‌ប្រណី​ឡើយ ក៏​មិន​ដែល​ប្រែ​គំនិត​ដែរ គេ​នឹង​ជំនុំ‌ជំរះ​ឯង​តាម​ផ្លូវ​ដែល​ឯង​ប្រព្រឹត្ត និង​អំពើ​ដែល​ឯង​បាន​ធ្វើ​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។