9 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា វេទនាដល់ទីក្រុងដែលប្រឡាក់ដោយឈាម អញនឹងបង្គរឱសឡើងយ៉ាងច្រើន
10 ចូរគរឱសឡើងជាច្រើន ដុតភ្លើងឲ្យយ៉ាងក្តៅ ហើយស្ងោរសាច់ឲ្យឆ្អិន រួចបង់គ្រឿងគ្រៅ ហើយដុតឆ្អឹងទៅ
11 បន្ទាប់នោះត្រូវឲ្យយកថ្លាងទទេ ដាក់លើរងើកភ្លើងឲ្យក្តៅ ហើយឲ្យលង្ហិនបានឆេះទៅ ដើម្បីឲ្យគ្រឿងស្មោកគ្រោកបានរលាយចេញ ហើយឲ្យក្អែលបានឆេះឲ្យសុស
12 វាបាននឿយហត់ដោយការឥតប្រយោជន៍ ប៉ុន្តែក្អែលយ៉ាងសំបើមរបស់វាមិនចេះបាត់ចេញទេ ត្រូវដុតក្នុងភ្លើងវិញ
13 មានការអាស្រូវបារាយណ៍ នៅក្នុងសេចក្ដីស្មោកគ្រោករបស់ឯង ដ្បិតអញបានដុសជំរះឯង តែឯងមិនបានស្អាតទេ ដូច្នេះ ឯងនឹងមិនបានស្អាត ពីសេចក្ដីស្មោកគ្រោករបស់ឯងទៀតឡើយ ដរាបដល់អញឲ្យសេចក្ដីក្រោធរបស់អញ ចំពោះឯងបានសំរាកវិញ
14 អញនេះ គឺយេហូវ៉ា បានចេញវាចាហើយ ការនេះនឹងកើតមក ហើយអញនឹងធ្វើឲ្យសំរេចជាពិត អញមិនព្រមដកថយ ឬត្រាប្រណីឡើយ ក៏មិនដែលប្រែគំនិតដែរ គេនឹងជំនុំជំរះឯងតាមផ្លូវដែលឯងប្រព្រឹត្ត និងអំពើដែលឯងបានធ្វើវិញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា