1 ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរដំរង់មុខឯងទៅខាងពួកកូនចៅអាំម៉ូនទាយពីដំណើរគេចុះ
3 ហើយប្រាប់ដល់ពួកកូនចៅអាំម៉ូនថា ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ាចុះ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានថា ហាស់ហា ទាស់នឹងទីបរិសុទ្ធរបស់អញ ក្នុងកាលដែលត្រូវបង្អាប់នោះ ហើយទាស់នឹងស្រុកអ៊ីស្រាអែលក្នុងកាល ដែលត្រូវចោលស្ងាត់ ព្រមទាំងទាស់នឹងពួកវង្សយូដា ក្នុងកាលដែលគេត្រូវដឹកនាំទៅជាឈ្លើយផង
4 ហេតុនោះមើល អញនឹងប្រគល់ឯងដល់ពួកកូនចៅស្រុកខាងកើតទុកជាកេរអាករ គេនឹងតាំងបន្ទាយ ហើយធ្វើទីលំនៅរបស់គេនៅក្នុងឯង គេនឹងស៊ីផល ហើយផឹកទឹកដោះសត្វរបស់ឯង
5 អញនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសំរាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសំរាប់ឲ្យហ្វូងចៀមដេកនៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត