12 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកសាសន៍អេដំម បានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ
13 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងលូកដៃទៅលើស្រុកអេដំមដែរ ក៏នឹងកាត់ទាំងមនុស្ស និងសត្វចេញទៅផង ហើយនឹងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ
14 អញនឹងផ្តល់ការសងសឹករបស់អញ ទៅលើសាសន៍អេដំម ដោយសារដៃនៃអ៊ីស្រាអែល ជារាស្ត្រអញ ដែលនឹងធ្វើដល់សាសន៍អេដំម តាមសេចក្ដីកំហឹង និងសេចក្ដីក្រេវក្រោធរបស់អញ នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះសាសន៍ភីលីស្ទីនបានប្រព្រឹត្តដោយការសងសឹក គឺបានសងសឹកតប ដោយសេចក្ដីមើលងាយនៅក្នុងចិត្តគេ ដើម្បីនឹងបំផ្លាញ ដោយចងគំនុំជាប់តមកជានិច្ច
16 ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន អញនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង
17 អញនឹងសំរេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលអញទំលាក់សេចក្ដីសងសឹកទៅលើគេ។