អេសេគាល 25:4-10 KHOV

4 ហេតុ​នោះ​មើល អញ​នឹង​ប្រគល់​ឯង​ដល់​ពួក​កូន​ចៅ​ស្រុក​ខាង​កើត​ទុក​ជា​កេរ‌អាករ គេ​នឹង​តាំង​បន្ទាយ ហើយ​ធ្វើ​ទី​លំនៅ​របស់​គេ​នៅ​ក្នុង​ឯង គេ​នឹង​ស៊ី​ផល ហើយ​ផឹក​ទឹក​ដោះ​សត្វ​របស់​ឯង

5 អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សំរាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សំរាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

6 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​បាន​ទះ​ដៃ ហើយ​តន្ត្រំ​ជើង ព្រម​ទាំង​មាន​សេចក្ដី​រីក‌រាយ ដោយ​គ្រប់​ទាំង​សេចក្ដី​មើល‌ងាយ​នៅ​ក្នុង​ចិត្ត​ឯង​ចំពោះ​ស្រុក​អ៊ីស្រា‌អែល

7 ហេតុ​នោះ​មើល អញ​បាន​លូក​ដៃ​ទៅ​លើ​ឯង​ហើយ អញ​នឹង​ប្រគល់​ឯង​ទៅ​សំរាប់​ជា​របឹប​ដល់​សាសន៍​ដទៃ អញ​នឹង​កាត់​ឯង​ចេញ​ពី​ពួក​សាសន៍​ទាំង​ប៉ុន្មាន ហើយ​ឲ្យ​ឯង​វិនាស​បាត់​ពី​អស់​ទាំង​ប្រទេស​ទៅ អញ​នឹង​បំផ្លាញ​ឯង​បង់​នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។

8 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ស្រុក​ម៉ូអាប់ និង​ស្រុក​សៀរ​ពោល​ថា មើល ពួក​វង្ស​យូដា​គេ​ក៏​ដូច​ជា​អស់​ទាំង​សាសន៍​ដែរ

9 ហេតុ​នោះ មើល អញ​នឹង​បើក​ស្រុក​ម៉ូអាប់ ឲ្យ​ចំហ​ខាង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​នៅ​ក្បែរ​ព្រំ‌ដែន​គេ ជា​ទី​រុងរឿង​ឧត្តម​របស់​ស្រុក​នោះ គឺ​ក្រុង​បេត-យេស៊ីម៉ូត ក្រុង​បាល-មេយ៉ូន និង​ក្រុង​គារ‌យ៉ា‌ថែម

10 ដល់​ពួក​កូន​ចៅ​នៅ​ស្រុក​ខាង​កើត ដើម្បី​ឲ្យ​គេ​បាន​ទៅ​ទាស់​នឹង​ពួក​កូន​ចៅ​អាំម៉ូន ហើយ​អញ​នឹង​ឲ្យ​ស្រុក​នោះ​ដល់​គេ ទុក​ជា​កេរ‌អាករ ដើម្បី​នឹង​បំបាត់​សេចក្ដី​នឹក​ចាំ​ពី​ពួក​កូន​ចៅ​អាំម៉ូន ពី​កណ្តាល​អស់​ទាំង​សាសន៍​ទៅ