6 ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានទះដៃ ហើយតន្ត្រំជើង ព្រមទាំងមានសេចក្ដីរីករាយ ដោយគ្រប់ទាំងសេចក្ដីមើលងាយនៅក្នុងចិត្តឯងចំពោះស្រុកអ៊ីស្រាអែល
7 ហេតុនោះមើល អញបានលូកដៃទៅលើឯងហើយ អញនឹងប្រគល់ឯងទៅសំរាប់ជារបឹបដល់សាសន៍ដទៃ អញនឹងកាត់ឯងចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យឯងវិនាសបាត់ពីអស់ទាំងប្រទេសទៅ អញនឹងបំផ្លាញឯងបង់នោះឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
8 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះស្រុកម៉ូអាប់ និងស្រុកសៀរពោលថា មើល ពួកវង្សយូដាគេក៏ដូចជាអស់ទាំងសាសន៍ដែរ
9 ហេតុនោះ មើល អញនឹងបើកស្រុកម៉ូអាប់ ឲ្យចំហខាងទីក្រុងទាំងប៉ុន្មានរបស់គេ ដែលនៅក្បែរព្រំដែនគេ ជាទីរុងរឿងឧត្តមរបស់ស្រុកនោះ គឺក្រុងបេត-យេស៊ីម៉ូត ក្រុងបាល-មេយ៉ូន និងក្រុងគារយ៉ាថែម
10 ដល់ពួកកូនចៅនៅស្រុកខាងកើត ដើម្បីឲ្យគេបានទៅទាស់នឹងពួកកូនចៅអាំម៉ូន ហើយអញនឹងឲ្យស្រុកនោះដល់គេ ទុកជាកេរអាករ ដើម្បីនឹងបំបាត់សេចក្ដីនឹកចាំពីពួកកូនចៅអាំម៉ូន ពីកណ្តាលអស់ទាំងសាសន៍ទៅ
11 អញនឹងសំរេចតាមសេចក្ដីយុត្តិធម៌ ដល់សាសន៍ម៉ូអាប់ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
12 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកសាសន៍អេដំម បានប្រព្រឹត្តទាស់នឹងពួកវង្សយូដាដោយការសងសឹក ហើយមានទោសយ៉ាងធ្ងន់ ដោយការសងសឹកតបនឹងគេដូច្នេះ