12 គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម និងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក
13 អញនឹងធ្វើឲ្យបាត់ឮសូរចំរៀងរបស់ឯង ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងឯងទៀតឡើយ
14 អញនឹងធ្វើឲ្យឯងទៅជាថ្មដារលីង ឯងនឹងបានជាកន្លែងសំរាប់ហាលអួន និងគ្មានអ្នកណាសង់ឡើងវិញ នៅជាដរាបតទៅ ដ្បិតគឺអញនេះ ជាព្រះយេហូវ៉ា បានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
15 ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ក្រុងទីរ៉ុសដូច្នេះថា ពិតប្រាកដជាអស់ទាំងកោះនឹងញ័ររន្ធត់ ដោយឮសូរឯងដួល និងដំងូរនៃមនុស្សដែលត្រូវរបួស ក្នុងកាលដែលសំរេចការសំឡេះយ៉ាងធំនៅកណ្តាលឯង
16 គ្រានោះ អស់ទាំងសេដ្ឋីជើងសមុទ្រ នឹងចុះពីទីថ្កល់របស់ខ្លួន ដោះសំលៀកបំពាក់ចេញ ហើយផ្លាស់អាវប៉ាក់ គេនឹងប្រដាប់ខ្លួនដោយសេចក្ដីភ័យខ្លាច ហើយនឹងអង្គុយនៅដីវិញ ដោយញាប់ញ័រជានិច្ច ព្រមទាំងមានសេចក្ដីស្រឡាំងកាំង ដោយព្រោះឯងផង
17 គេនឹងផ្តើមទួញទំនួញពីឯងដោយពាក្យថា ម្តេចក៏ឯងត្រូវបំផ្លាញយ៉ាងនេះហ្ន៎ ឯងដែលជាទីលំនៅរបស់ពួកអ្នកដើរផ្លូវសមុទ្រ ជាទីក្រុងមានល្បីល្បាញ ដែលមានអំណាចខាងផ្លូវសមុទ្រ គឺទាំងឯង និងពួកអ្នកនៅក្នុងឯងផង ជាពួកអ្នកដែលធ្វើឲ្យសេចក្ដីស្ញែងខ្លាចរបស់ខ្លួននៅទីនោះអើយ
18 ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ នៅថ្ងៃដែលឯងដួលនោះ អើ អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត ដោយឯងផុតទៅ។