អេសេគាល 26:15-21 KHOV

15 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​ឯង​ដួល និង​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សំរេច​ការ​សំឡេះ​យ៉ាង​ធំ​នៅ​កណ្តាល​ឯង

16 គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​ទី​ថ្កល់​របស់​ខ្លួន ដោះ​សំលៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជានិច្ច ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​ព្រោះ​ឯង​ផង

17 គេ​នឹង​ផ្តើម​ទួញ​ទំនួញ​ពី​ឯង​ដោយ​ពាក្យ​ថា ម្តេច​ក៏​ឯង​ត្រូវ​បំផ្លាញ​យ៉ាង​នេះ​ហ្ន៎ ឯង​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ ជា​ទី​ក្រុង​មាន​ល្បី‌ល្បាញ ដែល​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ គឺ​ទាំង​ឯង និង​ពួក​អ្នក​នៅ​ក្នុង​ឯង​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ខ្លួន​នៅ​ទី​នោះ​អើយ

18 ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​ឯង​ដួល​នោះ អើ អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឯង​ផុត​ទៅ។

19 ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​អញ​បាន​នាំ​ទី​ជំរៅ​មក​លើ​ឯង ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​ឯង​ហើយ

20 នោះ​អញ​នឹង​ទំលាក់​ឯង​ទៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដល់​ពួក​មនុស្ស​ពី​បុរាណ ហើយ​នឹង​ឲ្យ​ឯង​នៅ​ទី​ជំរៅ​បំផុត​នៃ​ផែនដី ជា​កន្លែង​ស្ងាត់‌ជ្រងំ​ពី​យូរ​មក​ហើយ គឺ​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ ដើម្បី​មិន​ឲ្យ​មាន​អ្នក​ណា​នៅ​ក្នុង​ឯង​ទៀត​ឡើយ តែ​អញ​នឹង​បំរុង​ទុក​សិរី‌ល្អ សំរាប់​ស្ថាន​របស់​មនុស្ស​រស់​វិញ

21 អញ​នឹង​តាំង​ឯង​ជា​សេចក្ដី​ស្ញែង‌ខ្លាច ហើយ​ឲ្យ​លែង​មាន​ទៀត នោះ​ទោះ​បើ​គេ​ស្វែង​រក​ឯង​ក៏​ដោយ គង់​តែ​មិន​ដែល​ប្រទះ​ឃើញ​ទៀត​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​អម្ចាស់​យេហូវ៉ា។