7 ដ្បិត ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំនេប៊ូក្នេសា ស្តេចស្រុកបាប៊ីឡូន ជាស្តេចលើអស់ទាំងស្តេច មកពីទិសខាងជើង មានទាំងសេះ រទេះចំបាំង ពលសេះ កងទ័ព និងមនុស្សសន្ធឹកផង ឲ្យទាស់នឹងក្រុងទីរ៉ុស
8 វានឹងសំឡាប់កូនស្រីឯងទាំងប៉ុន្មាន ដោយដាវនៅឯចំការ វានឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងឯង
9 វានឹងតាំងគ្រឿងបុកទំលាយកំផែង ហើយនឹងរំលំប៉មរបស់ឯង ដោយប្រដាប់របស់វា
10 សេះយ៉ាងសន្ធឹករបស់គេនឹងធ្វើឲ្យធូលីហុយឡើងគ្របលើឯង កំផែងរបស់ឯងនឹងញ័រ ដោយសូរសន្ធឹកនៃពលសេះ រទេះ និងយន្តចំបាំងទាំងប៉ុន្មានរបស់គេ ក្នុងកាលដែលគេចូលទៅតាមទ្វារក្រុងរបស់ឯង ដូចជាចូលទៅក្នុងទីក្រុងណា ដែលគេបានរំលំកំផែងហើយ
11 អស់ទាំងផ្លូវរបស់ឯងនឹងត្រូវប៉ន់ទៅ ដោយក្រចកសេះរបស់គេ គេនឹងសំឡាប់ជនជាតិឯងដោយដាវ ឯអស់ទាំងបង្គោលថ្មនៃកំឡាំងឯង នឹងត្រូវរំលំដល់ដី
12 គេនឹងរឹបជាន់យកទ្រព្យសម្បត្តិរបស់ឯង ហើយជញ្ជែងយកទំនិញទាំងប៉ុន្មានផង គេនឹងបំបែករំលំកំផែង ហើយបំផ្លាញអស់ទាំងផ្ទះ ជាទីរីករាយរបស់ឯង គេនឹងចាក់អស់ទាំងថ្ម និងឈើ ហើយធូលីដីរបស់ឯងទៅក្នុងទឹក
13 អញនឹងធ្វើឲ្យបាត់ឮសូរចំរៀងរបស់ឯង ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងឯងទៀតឡើយ