អេសេគាល 27:12-18 KHOV

12 ពួក​ស្រុក​តើស៊ីស ជា​អ្នក​លក់​ដូរ​នឹង​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​ជា​បរិបូរ គេ​ដូរ​ប្រាក់​ដែក ស៊ីវិឡាត និង​សំណ​ឲ្យ​បាន​ទំនិញ​ពី​ឯង

13 ពួក​យ៉ាវ៉ាន ពួក​ទូបាល ហើយ​ពួក​មែសេក​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​ដូរ​ខ្លួន​មនុស្ស ព្រម​ទាំង​គ្រឿង​ប្រដាប់​លង្ហិន​ឲ្យ​បាន​ទំនិញ​របស់​ឯង

14 ឯ​ពួក​វង្ស​តូកាម៉ា គេ​ដូរ​សេះ​ជិះ សេះ​ចំបាំង និង​លា‌កាត់​ឲ្យ​បាន​ទំនិញ​របស់​ឯង

15 ពួក​ស្រុក​ដេដាន់​ជា​អ្នក​ជំនួញ​នឹង​ឯង ដៃ​ឯង​បាន​លក់​ដូរ​នៅ​កោះ​ជា​ច្រើន ហើយ​គេ​បាន​ដឹក​ភ្លុក និង​ឈើ​គ្រញូង​មក​ឲ្យ​ឯង​វិញ

16 ស្រុក​ស៊ីរី​ក៏​ជា​អ្នក​លក់​ដូរ​នឹង​ឯង​ដែរ ដោយ​ព្រោះ​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង គេ​បាន​ដូរ​កែវ​មរកត សំពត់​ពណ៌​ស្វាយ សំពត់​ប៉ាក់ សំពត់​ទេស​ឯក​យ៉ាង​ម៉ដ្ត ផ្កា​ថ្ម និង​ត្បូង​ទទឹម​ឲ្យ​បាន​ទំនិញ​របស់​ឯង

17 ស្រុក​យូដា និង​អ៊ីស្រា‌អែល គេ​ជា​អ្នក​លក់​ដូរ​នឹង​ឯង គេ​យក​ស្រូវ‌សាលី​ពី​ស្រុក​មីនីត បង្អែម ទឹក​ឃ្មុំ និង​ប្រេង ហើយ​ប្រទាល​មុខ‌សះ​មក​ដូរ​នឹង​ទំនិញ​របស់​ឯង

18 ពួក​ដាម៉ាស​ក៏​ជួញ​ប្រែ​នឹង​ឯង​ឲ្យ​បាន​ស្នាដៃ​ដ៏​បរិបូរ​របស់​ឯង ដោយ​ព្រោះ​ឯង​មាន​ទ្រព្យ‌សម្បត្តិ​គ្រប់​មុខ​យ៉ាង​សន្ធឹក គេ​ដូរ​ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ស្រុក​ហេលបូន និង​រោម​ចៀម​ស