5 អស់ទាំងក្តារឯងសុទ្ធតែជាឈើកកោះពីស្រុកសេនារ គេបានយកដើមតាត្រៅពីព្រៃល្បាណូនមក ធ្វើជាដងក្តោងសំរាប់ឯង
6 អស់ទាំងដងចែវរបស់ឯងបានធ្វើពីឈើម៉ៃសាក់ ស្រុកបាសាន គេបានធ្វើជើងម៉ាឯង ពីឈើគ្រញូង ពីកោះគីទីម ប្រដាប់ដោយភ្លុក
7 ស្លាបក្តោងឯងធ្វើពីសំពត់ខ្លូតទេសយ៉ាងម៉ដ្តចំរុះដោយប៉ាក់មកពីស្រុកអេស៊ីព្ទ ដើម្បីនឹងទុកជាទង់ជ័យដល់ឯង ហើយមានសំពត់ពណ៌ខៀវ និងពណ៌ស្វាយ ពីកោះអេលីសា ធ្វើជាពិតាន
8 ពួកអ្នកនៅក្រុងស៊ីដូន និងអើវ៉ាឌ ជាអ្នកចែវរបស់ឯង ឱទីរ៉ុសអើយ ពួកអ្នកប្រាជ្ញនៅក្នុងឯង គេជាមេដំរង់សំពៅ
9 ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញពីក្រុងកេបាលក៏នៅក្នុងឯង ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងឯង ដើម្បីលក់ដូរទំនិញរបស់ឯង
10 មានសាសន៍ពើស៊ី សាសន៍លូឌ និងសាសន៍ពូតនៅក្នុងកងទ័ពរបស់ឯង គឺជាពួកថ្នឹកច្បាំងរបស់ឯង គេបានពាក់ព្យួរខែល ហើយនឹងមួកសឹកនៅក្នុងឯង ក៏នាំឲ្យសេចក្ដីលំអរបស់ឯងបានកាន់តែរុងរឿងឡើង
11 ពួកក្រុងអើវ៉ាឌ ព្រមទាំងពួកកងទ័ពរបស់ឯង ជាអ្នកការពារនៅលើកំផែងជុំវិញ ហើយមានមនុស្សក្លៀវក្លានៅក្នុងប៉មទាំងប៉ុន្មានរបស់ឯង គេបានពាក់ព្យួរអស់ទាំងខែលរបស់គេនៅជញ្ជាំងជុំវិញ ពួកនោះបានធ្វើឲ្យសេចក្ដីលំអរបស់ឯងបានពេញខ្នាត។