11 ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំទៀតថា
12 កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលំអគ្រប់លក្ខណ៍
13 ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានដំឡៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត ហើយនឹងមាស ឯក្រាប់ និងខ្លុយរបស់ឯង នោះបានត្រៀមទុកសំរាប់ឯងតាំងពីថ្ងៃដែលឯងកើតមក
14 ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង
15 ចាប់តាំងពីថ្ងៃដែលឯងកើតមក នោះឯងបានគ្រប់លក្ខណ៍ក្នុងគ្រប់ទាំងផ្លូវរបស់ឯង ដរាបដល់វេលាដែលឃើញមានសេចក្ដីទុច្ចរិតនៅក្នុងឯង
16 ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់ឯង នោះគេបានបំពេញឯងដោយសេចក្ដីច្រឡោត ហើយឯងបានធ្វើបាប ហេតុនោះអញបានបោះចោលឯងចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ
17 ចិត្តឯងបានស្ទួយឡើង ដោយព្រោះសេចក្ដីលំអរបស់ឯង ឯងបានបង្ខូចប្រាជ្ញាឯង ដោយពន្លឺរស្មីរបស់ឯង អញបានបោះឯងចុះដល់ដី ព្រមទាំងដាក់នៅមុខពួកស្តេច ឲ្យគេបានពិចារណាឯង