8 គេនឹងទំលាក់ឯងទៅក្នុងជង្ហុកធំ ហើយឯងនឹងត្រូវស្លាប់ដូចជាពួកអ្នកដែលត្រូវគេចាក់សំឡាប់ នៅកណ្តាលសមុទ្រ
9 នៅគ្រានោះតើឯងនឹងនៅតែពោល នៅមុខអ្នកដែលសំឡាប់ឯង ថា អញជាព្រះ ទៀតឬអី ប៉ុន្តែនៅក្នុងកណ្តាប់ដៃនៃអ្នកដែលសំឡាប់ឯង នោះឯងជាមនុស្សទេ មិនមែនជាព្រះឡើយ
10 ឯងនឹងត្រូវស្លាប់ ដូចជាពួកអ្នកមិនកាត់ស្បែកដែរ គឺដោយដៃនៃពួកសាសន៍ដទៃ ដ្បិតអញបានចេញវាចារួចហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
11 ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំទៀតថា
12 កូនមនុស្សអើយ ចូរផ្តើមពាក្យទំនួញពីដំណើរស្តេចក្រុងទីរ៉ុស ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ឯងជាអ្នកបំពេញខ្នាត ដោយមានប្រាជ្ញាពោរពេញ ហើយលំអគ្រប់លក្ខណ៍
13 ពីដើមឯងបាននៅក្នុងច្បារអេដែនជាសួនរបស់ព្រះ ឯងបានប្រដាប់កាយដោយត្បូងដ៏មានដំឡៃគ្រប់មុខ គឺសាមស៊ី ទោបុ័ត ពេជ្រ បេរីល អូនីក្ស មណីជោតិ កណ្តៀង មរកត បារកេត ហើយនឹងមាស ឯក្រាប់ និងខ្លុយរបស់ឯង នោះបានត្រៀមទុកសំរាប់ឯងតាំងពីថ្ងៃដែលឯងកើតមក
14 ឯងជាចេរូប៊ីនដែលបានចាក់ប្រេងតាំងឡើងជាអ្នកគ្របបាំង គឺអញបានតាំងឯងឡើង ឲ្យឯងបាននៅលើភ្នំបរិសុទ្ធរបស់ព្រះ ឯងក៏បានដើរទៅមកនៅកណ្តាលថ្មភ្លឺចាំង