អេសេគាល 29:14-20 KHOV

14 ក៏​នឹង​នាំ​ពួក​អេស៊ីព្ទ​ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ ហើយ​ឲ្យ​គេ​ត្រឡប់​ទៅ​នៅ​ឯ​ស្រុក​ប៉ាត្រូស ជា​ស្រុក​កំណើត​របស់​ផង​ខ្លួន គេ​នឹង​បាន​ជា​នគរ​យ៉ាង​ទាប​ថោក​នៅ​ទី​នោះ

15 នគរ​នោះ​នឹង​បាន​ទាប​ថោក​ជាង​អស់​ទាំង​នគរ ឥត​ដែល​លើក​ខ្លួន​ឡើង​ខ្ពស់​ជាង​នគរ​ផ្សេងៗ​ឡើយ អញ​នឹង​ធ្វើ​ឲ្យ​គេ​ថយ​តិច​ទៅ ដើម្បី​មិន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​សាសន៍​ដទៃ​ទៀត

16 នោះ​ពួក​វង្ស​អ៊ីស្រា‌អែល នឹង​លែង​ទុក​ចិត្ត​នឹង​គេ​ត​ទៅ ជា​ការ​ដែល​រំឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន គ្រប់​វេលា​ណា​ដែល​ងាក​បែរ​មើល​ទៅ​ឯ​គេ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌អម្ចាស់​យេហូវ៉ា​ពិត។

17 លុះ​ដល់​ថ្ងៃ​១ ខែ​ចេត្រ ឆ្នាំ​ទី​២៧ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ថា

18 កូន​មនុស្ស​អើយ​នេប៊ូ‌ក្នេសា ស្តេច​បាប៊ីឡូន​បាន​ឲ្យ​កង‌ទ័ព​របស់​ខ្លួន​ធ្វើ​ការ‌ងារ​បំរើ​យ៉ាង​ធំ ទាស់​នឹង​ក្រុង​ទីរ៉ុស គ្រប់​ទាំង​ក្បាល​ត្រូវ​ទំពែក ហើយ​គ្រប់​ទាំង​ស្មា​ត្រូវ​របក ប៉ុន្តែ​ស្តេច ព្រម​ទាំង​ពួក​ពល‌ទ័ព​ឥត​មាន​កំរៃ​អ្វី​ពី​ក្រុង​ទីរ៉ុស ដោយ​ការ​ដែល​ខ្លួន​បាន​បំរើ​ទាស់​នឹង​វា​នោះ​ឡើយ

19 ហេតុ​នោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដឹក‌នាំ​ពួក​ជន​ទាំង‌ឡាយ​របស់​ស្រុក​នោះ ទៅ​ជា​ឈ្លើយ ហើយ​យក​របឹប និង​រំពា​ផង នោះ​នឹង​បាន​ជា​បំណាច់​ដល់​ពួក​កង‌ទ័ព​របស់​ខ្លួន

20 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឲ្យ​ស្រុក​អេស៊ីព្ទ​ដល់​គេ ទុក​ជា​បំណាច់​នៃ​ការ​ដែល​គេ​បាន​បំរើ​នោះ ពី​ព្រោះ​គេ​បាន​ធ្វើ​ការ​នោះ​បំរើ​ដល់​អញ។