11 រួចទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍ឯង ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ នេះគឺទោះបើគេនឹងព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី។
12 លំដាប់នោះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើង ហើយខ្ញុំឮសូរអឺងអាប់ជាខ្លាំងពីក្រោយខ្ញុំថា សូមឲ្យសិរីល្អនៃព្រះយេហូវ៉ាបានពរពីស្ថានរបស់ទ្រង់មក
13 ហើយក៏ឮសូរសន្ធឹកនៃស្លាបរបស់តួមានជីវិតទាំងនោះ ដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង
14 ដូច្នេះ ព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ
15 នោះខ្ញុំទៅដល់ពួកឈ្លើយ ដែលនៅត្រង់ថេល-អាប៊ីប នៅក្បែរទន្លេកេបារ រីឯទៅកន្លែងដែលគេអាស្រ័យនៅ នោះខ្ញុំក៏នៅកណ្តាលគេអស់៧ថ្ងៃដោយស្រឡាំងកាំង។
16 លុះផុតពី៧ថ្ងៃនោះមក ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
17 កូនមនុស្សអើយ អញបានតាំងឯងឲ្យជាអ្នកយាម ដល់ពូជពង្សអ៊ីស្រាអែល ដូច្នេះ ត្រូវឲ្យឯងស្តាប់ពាក្យពីមាត់អញ រួចទៅប្រាមប្រាប់គេឲ្យអញផង