អេសេគាល 3:17-23 KHOV

17 កូន​មនុស្ស​អើយ អញ​បាន​តាំង​ឯង​ឲ្យ​ជា​អ្នក​យាម ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដូច្នេះ ត្រូវ​ឲ្យ​ឯង​ស្តាប់​ពាក្យ​ពី​មាត់​អញ រួច​ទៅ​ប្រាម‌ប្រាប់​គេ​ឲ្យ​អញ​ផង

18 កាល​ណា​អញ​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​ឯង​មិន​ទៅ​ប្រាប់​គេ ឬ​ប្រាម‌ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ‌បង់​ផ្លូវ​អាក្រក់​របស់​ខ្លួន ដើម្បី​ឲ្យ​បាន​រួច​ជីវិត យ៉ាង​នោះ​មនុស្ស​អាក្រក់​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​អញ​នឹង​ទារ​ឈាម​របស់​គេ​ពី​ដៃ​ឯង​វិញ

19 ប៉ុន្តែ បើ​ឯង​ប្រាម‌ប្រាប់​ដល់​មនុស្ស​អាក្រក់​នោះ​វិញ តែ​គេ​មិន​ព្រម​បែរ​ចេញ​ពី​អំពើ​អាក្រក់ ឬ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ទេ នោះ​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​ជា​ពិត តែ​ឯង​នឹង​បាន​ដោះ​ព្រលឹង​ខ្លួន​ឲ្យ​រួច​វិញ

20 មួយ​ទៀត កាល​ណា​មនុស្ស​សុចរិត​បាន​លះ​ចោល​អំពើ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ ហើយ​អញ​ដាក់​ហេតុ ឲ្យ​ចំពប់​នៅ​មុខ​គេ នោះ​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​ដោយ​ព្រោះ​ឯង​មិន​បាន​ប្រាម‌ប្រាប់​គេ នោះ​គេ​នឹង​ស្លាប់​ក្នុង​អំពើ​បាប​របស់​ខ្លួន​គេ ហើយ​នឹង​លែង​មាន​សេចក្ដី​នឹក​ចាំ​ពី​អំពើ​សុចរិត​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ប្រព្រឹត្ត​នោះ​ដែរ តែ​អញ​នឹង​ទារ​ឈាម​គេ​ពី​ដៃ​ឯង​វិញ

21 ប៉ុន្តែ​បើ​ឯង​ប្រាម‌ប្រាប់​ដល់​មនុស្ស​សុចរិត ដើម្បី​ឲ្យ​គេ​បាន​រវាំង​ខ្លួន​មិន​ឲ្យ​ធ្វើ​បាប​ឡើយ ហើយ​គេ​ក៏​វៀរ​ចេញ​ពី​អំពើ​បាប​ទៅ នោះ​គេ​នឹង​រស់​នៅ​ជា​ពិត ដោយ​ព្រោះ​បាន​ទទួល​តាម​ពាក្យ​ប្រាម‌ប្រាប់​របស់​ឯង យ៉ាង​នោះ ឯង​នឹង​បាន​ដោះ​ព្រលឹង​ខ្លួន ឲ្យ​បាន​រួច​ផង។

22 នៅ​ទី​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​លើ​ខ្ញុំ ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង ចេញ​ទៅ​ឯ​វាល នៅ​ទី​នោះ​អញ​នឹង​និយាយ​នឹង​ឯង

23 ដូច្នេះ ខ្ញុំ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​វាល ហើយ​មើល មាន​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ទី​នោះ ដូច​ជា​សិរី‌ល្អ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ​ចុះ