18 កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឯងនឹងត្រូវស្លាប់ជាពិត នោះបើឯងមិនទៅប្រាប់គេ ឬប្រាមប្រាប់មនុស្សអាក្រក់នោះ ឲ្យលះបង់ផ្លូវអាក្រក់របស់ខ្លួន ដើម្បីឲ្យបានរួចជីវិត យ៉ាងនោះមនុស្សអាក្រក់នឹងស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទារឈាមរបស់គេពីដៃឯងវិញ
19 ប៉ុន្តែ បើឯងប្រាមប្រាប់ដល់មនុស្សអាក្រក់នោះវិញ តែគេមិនព្រមបែរចេញពីអំពើអាក្រក់ ឬពីផ្លូវអាក្រក់របស់ខ្លួនទេ នោះគេនឹងត្រូវស្លាប់ក្នុងអំពើទុច្ចរិតរបស់ខ្លួនជាពិត តែឯងនឹងបានដោះព្រលឹងខ្លួនឲ្យរួចវិញ
20 មួយទៀត កាលណាមនុស្សសុចរិតបានលះចោលអំពើសុចរិតរបស់ខ្លួន ទៅប្រព្រឹត្តអំពើទុច្ចរិតវិញ ហើយអញដាក់ហេតុ ឲ្យចំពប់នៅមុខគេ នោះគេនឹងត្រូវស្លាប់ ហើយដោយព្រោះឯងមិនបានប្រាមប្រាប់គេ នោះគេនឹងស្លាប់ក្នុងអំពើបាបរបស់ខ្លួនគេ ហើយនឹងលែងមានសេចក្ដីនឹកចាំពីអំពើសុចរិតទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តនោះដែរ តែអញនឹងទារឈាមគេពីដៃឯងវិញ
21 ប៉ុន្តែបើឯងប្រាមប្រាប់ដល់មនុស្សសុចរិត ដើម្បីឲ្យគេបានរវាំងខ្លួនមិនឲ្យធ្វើបាបឡើយ ហើយគេក៏វៀរចេញពីអំពើបាបទៅ នោះគេនឹងរស់នៅជាពិត ដោយព្រោះបានទទួលតាមពាក្យប្រាមប្រាប់របស់ឯង យ៉ាងនោះ ឯងនឹងបានដោះព្រលឹងខ្លួន ឲ្យបានរួចផង។
22 នៅទីនោះ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើខ្ញុំ ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ចូរក្រោកឡើង ចេញទៅឯវាល នៅទីនោះអញនឹងនិយាយនឹងឯង
23 ដូច្នេះ ខ្ញុំក៏ក្រោកឡើងចេញទៅឯវាល ហើយមើល មានសិរីល្អនៃព្រះយេហូវ៉ាសណ្ឋិតនៅទីនោះ ដូចជាសិរីល្អដែលខ្ញុំបានឃើញនៅក្បែរទន្លេកេបារដែរ ខ្ញុំក៏ដួលផ្កាប់មុខចុះ
24 រួចព្រះវិញ្ញាណទ្រង់មកសណ្ឋិតនៅក្នុងខ្ញុំ ហើយលើកខ្ញុំបញ្ឈរឡើង ទ្រង់មានព្រះបន្ទូលនឹងខ្ញុំ ហើយប្រាប់ថា ចូរឯងចូលទៅក្នុងផ្ទះ ហើយបិទទ្វារទៅ