1 ព្រះបន្ទូល នៃព្រះយេហូវ៉ា បានមកដល់ខ្ញុំថា
2 កូនមនុស្សអើយ ចូរទាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាអីម៉្លេះ
3 ដ្បិតថ្ងៃនោះជិតដល់ហើយ គឺជាថ្ងៃនៃព្រះយេហូវ៉ាបានចូលមកជិតហើយ ជាថ្ងៃមីរស្រទំ គឺជាពេលកំណត់នៃអស់ទាំងសាសន៍
4 នឹងមានដាវមកលើស្រុកអេស៊ីព្ទ ហើយសេចក្ដីតក់ស្លុតនៅក្នុងស្រុកអេធីយ៉ូពី គឺក្នុងកាលដែលមនុស្សត្រូវរបួសដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងដឹកនាំពួកជនទាំងឡាយរបស់វាចេញទៅ ហើយឫសវានឹងត្រូវបំផ្លាញបង់
5 ពួកសាសន៍អេធីយ៉ូពី សាសន៍ពូត សាសន៍លូឌ និងអស់ទាំងសាសន៍លាយឡំគ្នា ព្រមទាំងពួកគូបពួកកូនចៅនៃស្រុកដែលជាមេត្រីមិត្រ គេនឹងដួលដោយដាវទៅជាមួយគ្នា។